(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុនដើម្បីរំលត់ភ្លើងសង្គ្រាមនៅកម្ពុជា រហូតទទួលបានសុខសន្ដិភាព ដល់សព្វថ្ងៃនេះ បានលើកឡើងថា មនុស្សទាំងអស់នៅលើពិភពលោកនេះពិតជាត្រូវការសន្ដិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលមានមហិច្ឆតាចង់បំផ្លាញសុខសន្ដិភាព។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរខួប៤១ឆ្នាំ នៃទិវាជ័យជម្នះ៧មករា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់សម្ដេចគឺ «អរគុណ សន្តិភាព» ដែលសម្ដេចយល់ថា មានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់ខ្ញុំគឺ «អរគុណសន្តិភាព» ដែលខ្ញុំយល់ថា មានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ។ មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។ «អរគុណសន្តិភាព» បានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនបាននឹងនចិត្តរស់នៅយ៉ាងសុខសាន្ត សុខដុមរមនា។
សម្ដេចសង្កត់ធ្ងន់ថា រាល់ការប៉ុនប៉ងរបស់សមាសភាពអាក្រក់ទាំងឡាយ ដែលមានបំណងផ្លាស់ប្តូរ របបនយោបាយនៅកម្ពុជា តាមរយៈវិធានការ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យត្រូវបរាជ័យទាំងស្រុង ក្រោមចំណាត់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកម្លាំងសាមគ្គីរបស់
ប្រជាជនដែលបានប្តេជ្ញាយ៉ាងមោះមុត ក្នុងការថែរក្សាជីវភាពរស់នៅដ៏សុខសាន្តរបស់ខ្លួន និងការអភិវឌ្ឍ។
ព្រមជាមួយនេះស្មារតីជាតិនិយមការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីកាន់តែបានលើកកម្ពស់ ទោះបីជាមានការកៀបសង្កត់មួយចំនួន ពីខាងក្រៅក្តីដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាកាន់តែបានពង្រឹង និងពង្រីកសិទ្ធិសេរី ភាពគ្រប់យ៉ាងរបស់ពលរដ្ឋ ត្រូវបានគោរពយ៉ាងខ្ជាប់ខ្លួន។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលឲ្យតម្លៃយ៉ាងជាក់ច្បាស់មិនអាចកាត់ថ្លៃបានទៅលើសន្ដិភាព បានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យសម្រេចបានកំណើនខ្ពស់ប្រមាណ៧,១% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរ
ប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កំណើននេះត្រូវបានគាំទ្រដោយកំណើនល្អប្រសើរ នៃវិស័យសេវាកម្ម និងកំណើនខ្ពស់ នៃវិស័យឧស្សាហកម្ម ថ្វីបើវិស័យកសិកម្មនៅបន្តមានកំណើនទាបក្ដី។ ស្ថិរភាពនយោបាយ បានផ្តល់ទំនុកចិត្តដល់វិនិយោគិន ទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងការបណ្តាក់ទុន នៅកម្ពុជា ជាពិសេសលើវិស័យសំណង់ និងកម្មន្តសាល។ ព្រមជាមួយនេះ ការប្រើប្រាស់ក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ មានសន្ទុះកើនឡើង គួរឲ្យកត់សម្គាល់។
លើសពីនេះសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យ នៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំ នៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់៕