(កំពត)៖ លោក ឡុង កេសភិរម្យ ប្រធានសាលាដំបូងខេត្តកំពត បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះថា ម្ចាស់អគារកម្ពស់៦ជាន់ដែលបាក់រលំនៅខេត្តកែប ២នាក់ប្ដីប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល ពោលមិនអនុញ្ញាតឲ្យចេញទៅក្រៅប្រទេសឡើយ។
ប្រធានសាលាដំបូងខេត្តកំពត បានបញ្ជាក់ទៀតថា ម្ចាស់អគារ២នាក់ប្ដីប្រពន្ធនេះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះកាលពីល្ងាច ថ្ងៃទី០៦ ខែមករាម្សិលមិញ ហើយការដែលអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះនេះ គឺដើម្បីទៅរកប្រាក់ដើម្បីសងជាសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ដែលបានរងគ្រោះស្លាប់ និងរបួស ក្នុងហេតុការណ៍បាក់រលំអគារ។
សូមជម្រាបថា តុល្យការជនរងគ្រោះ ដែលក្រុមការងារបានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។
ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០៕