(ភ្នំពេញ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អះអាងថា លោកចង់ឃើញមានទំនាក់ទំនងកាន់តែល្អ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។
ការអះអាងបែបនេះ របស់លោក លោក Patrick Murphy បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោក ត្រូវបាន ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
«គាត់ (Patrick Murphy) ចង់ឃើញកម្ពុជា មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកដែរ។ កម្ពុជាមានមូលដ្ឋានល្អ សម្រាប់អនុវត្តលទ្ធិប្រជាធិបតេយ្យ មានការបោះឆ្នោតទៀងទាត់ ហើយកន្លងមកមានមនុស្សច្រើន ចូលរួមក្នុងការបោះឆ្នោត»។ នេះជាការបញ្ជាក់របស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
លោក ផាត់ទ្រីក មឺហ្វី បានឱ្យដឹងថា ក្នុងនាមជាអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកមិនមានភាពលំអៀងទៅកាន់ភាគីខាងណានោះទេ ទោះបីថ្មីៗនេះ មានការចាប់ខ្លួនអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងក៏ដោយ។
លោក ផាត់ទ្រីក មឺហ្វី បានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំគឺជាអ្នកតំណាងរបស់ សហរដ្ឋអាមេរិក។ អ្វីដែលខ្ញុំព្យាយាមចង់បាន គឺការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំទើបតែបានជួប ពិភាក្សាជាមួយ លោកឧបនាយករដ្ឋមន្រ្តីរបស់កម្ពុជា ហើយក្នុងឱកាសនោះយើង បានជជែកអំពីកិច្ចសហប្រតិបត្តិការ និងបញ្ហាមួយចំនួន ដែលពួកយើងមានការយល់ឃើញផ្ទុយពីគ្នាកាលពីមុនមក»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រាប់ទៅទូតអាមេរិកថា ដោយសម្លឹងទៅមើលមេរៀន ដែលបណ្តាប្រទេសមួយចំនួន នៅតំបន់មជ្ឈឹមបូព៌ា ដែលប្រជាជនខ្លួនស្រែកឃ្លាននូវលទ្ធិប្រជាធិបតេយ្យខ្លាំងពេក បានធ្វើឱ្យបណ្តាប្រទេសនោះរងគ្រោះ វិនាសព្រាតប្រាស់ដោយសារតែភ្លើងសង្គ្រាម។ ដូច្នេះ ដោយសារតែមេរៀនរបស់បណ្តាប្រទេសខាងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ នៅខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំយកសន្តិភាពយ៉ាងលំបាកបំផុតជូនមាតុភូមិកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមទៀតថា តាមរយៈសុខសន្តិភាពនេះ បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ បានជួបជុំក្រុមគ្រួសារ ដូចអ្វីដែលលោកអគ្គរដ្ឋទូតបានមើលឃើញដូចសព្វថ្ងៃនេះផងដែរ៕