(ភ្នំពេញ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ បានកោតសរសើរ ចំពោះការរីកចម្រើននៃប្រទេសកម្ពុជា និងទទួលស្គាល់ថា ក្នុង២ទស្សវត្សន៍កន្លះមកនេះ ប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង បោះជំហានទៅមុខ។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក Patrick Murphy អញ្ជើញចូលរួមក្នុងទិវាខួបលើកទី៧០ នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីតាំង Future Factory ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ។
ឆ្លើយតបនឹងអ្នកសារព័ត៌មាន ដែលបានចោទសួរថា ក្រោមកិច្ចសហការ ៧០ឆ្នាំ កម្ពុជា-សហរដ្ឋអាមេរិក តើអ្វីជាលទ្ធផលដែលសម្រេចបាន ហើយលោកអគ្គរដ្ឋទូត ពេញចិត្តជាងគេបំផុត? លោក Patrick Murphy បានប្រាប់ថា «អ្វីដែលយើងឃើញកន្លងមក យើងឃើញថា កម្ពុជា បានឆ្លងកាត់កាលៈទេសៈដ៏លំបាក ហើយក្នុងពេល២ទស្សវត្សន៍កន្លះមកនេះ យើងឃើញថា មានការរីកចម្រើនខ្លាំង បោះទៅមុខ»។
លើសពីនោះទៅទៀត លោក Patrick Murphy ក៏ចង់ឃើញឲ្យមាន ការកែលម្អច្រើនទៀត ផ្នែកទៅតាមរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា ហើយលោកសង្ឃឹមថា ជាមួយនឹងការខិតខំប្រឹងប្រែង ទៅលើវិស័យទាំងនេះ (សិទ្ធិមនុស្ស, ប្រជាធិបតេយ្យ) នឹងមានការរីកចម្រើន ហើយសង្ឃឹមថា នឹងមានការបោះជំហានជាមួយគ្នា (អាមេរិក-កម្ពុជា) ទៅមុខទៀត។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានលើកឡើងផងដែរថា ទំនាក់ទំនង (អាមេរិក-កម្ពុជា) ៧០ឆ្នាំមកនេះ វាមិនមែនសុទ្ធតែស្រួលនោះទេ វាក៏មានបញ្ហា ប៉ុន្ដែយើងផ្ដោតអារម្មណ៍ លើវិស័យនៃកិច្ចសហប្រតិបត្ដិការ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្ដិការនេះឲ្យបានល្អ ហើយជួយប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើន។
លោក Patrick Murphy បានគូសបញ្ជាក់ថា អាមេរិក-កម្ពុជា មានគ្រឹះនៃកិច្ចសហប្រតិបត្ដិការល្អ ដូច្នេះយើងផ្ដោតទៅលើគ្រឹះនេះ ដើម្បីធ្វើឲ្យការទំនាក់ទំនងរវាង អាមេរិក-កម្ពុជា មានការរីកចម្រើនទៅមុខទៀត រួមទាំងវិស័យវប្បធម៌ វិស័យសេដ្ឋកិច្ច និងវិស័យនានាផ្សេងៗជាច្រើនទៀត៕