(ភ្នំពេញ)៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបានលើកឡើងពីភាពវិជ្ជមាន នៃចំណាត់ការរបស់ក្រសួងកសិកម្ម ក្នុងការកាត់បន្ថយចំនួន
ក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ពីបរទេសមកកាន់កម្ពុជា។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៩ អគ្គនាយកដ្ឋានសុខភាពសត្វ បានពិនិត្យឃើញថា កសិករ សមាគមន៍ និងក្រុមហ៊ុនចិញ្ចឹមសត្វនៅកម្ពុជា បានជួបប្រទះនឹងបញ្ហាធ្លាក់តម្លៃមាន់រស់យ៉ាងគំហុក ពោលគឺថ្លៃដើមផលិតក្នុងមួយគីឡូក្រាមត្រូវចំណាយអស់៥០០០រៀល តែចំពោះការលក់ចេញមាន់ រស់មានតម្លៃត្រឹមតែ៤៨០០រៀលក្នុងមួយគីឡូក្រាម ទន្ទឹមនឹងមានគម្រោងកម្មវិធីជាច្រើនតាមរយៈទទួលបានហិរញ្ញប្បទានពីដៃគូ និងថវិកាជាតិ ជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលសហគមន៍ចិញ្ចឹមបក្សីនៅកម្ពុជា ហើយសមាជិកសហគមន៍មានក្តីសង្ឃឹមថា ទទួលបានប្រាក់ចំណូលបានគ្រប់គ្រាន់ ក្នុងការដោះស្រាយជីវភាព ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ។
អគ្គនាយកដ្ឋានបន្តថា ដោយមើលឃើញពីសភាពការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកាត់បន្ថយចំនួន ក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ពីបរទេស មកកាន់កម្ពុជាពី១៣ក្រុមហ៊ុន មកត្រឹមចំនួន០៧ក្រុមហ៊ុនវិញ ដែលចំនួននាំចូលពីមុន៤៤០០០ក្បាលក្នុងមួយថ្ងៃ មកត្រឹម១៧០០០ក្បាលក្នុងមួយថ្ងៃ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ទៀតថា លទ្ធផលដែលទទួលបានក្រោយពីការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលបក្សីពីបរទេសមានជាអាទិ៍៖
* តម្លៃមាន់រស់កើនឡើងបានល្អប្រសើរពី៦៩០០-៧៤០០រៀលក្នុងមួយគីឡូក្រាម
* អ្នកចិញ្ចឹមបក្សី ប្រជាជន ក្រុមហ៊ុនចិញ្ចឹមបក្សី និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគាំទ្រ និងកោតសរសើរ ចំពោះចំណាត់ការរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ពីបរទេសមកកម្ពុជា ដើម្បីលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមបក្សីក្នុងស្រុកគ្រប់រូបភាព ក្នុងការក្សាតុល្យភាពតម្លៃ មិនប៉ះពាល់ដល់អ្នកចិញ្ចឹម និងជួយរក្សាកម្លាំងពលកម្ម និងកាត់បន្ថយការចំណាកស្រុក
* បង្កើនទីផ្សារជូនអ្នកចិញ្ចឹមបក្សីក្នុងស្រុក
* គ្រប់គ្រងបានល្អប្រសើរ នូវស្ថានភាពនៃការរាលដាលនៃជម្ងឺឆ្លងបក្សី
* ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យកសិកម្ម២០១៩-២០២៣ បានកំណត់អត្រាកំណើនផលិតផលសាច់កើន៣% ក្នុងមួយឆ្នាំ។
សូមជម្រាបថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមគាំទ្រ និងកោតសរសើរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបាន កាត់បន្ថយចំនួនក្រុមហ៊ុន និងកូតាមាន់សាច់រស់នាំចូលពីបរទេស ដើម្បីលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមមាន់ក្នុងស្រុកគ្រប់រូបភាព ក្នុងការរក្សាបានតុល្យភាពតម្លៃ មិនប៉ះពាល់ដល់អ្នកចិញ្ចឹម និងជួយរក្សាកម្លាំងពលកម្ម និងកាត់បន្ថយការចំណាកស្រុក៕