(ភ្នំពេញ)៖ ក្រោយពីការប្រជុំដោះស្រាយរវាងតំណាងសហជីព និងតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga World) នៅសាលាខណ្ឌចំការមន ត្រូវបានបញ្ចប់រួចមក នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ ភាគីទាំងអស់បានសម្រេចលទ្ធផលចំនួន២។

លទ្ធផលទាំងពីរនោះ រួមមាន៖

*ទី១ ៖ ក្រុមហ៊ុនបានឯកភាពតម្លើងបៀវត្សជូនបុគ្គលិកណាហ្គាវើល
*ទី២ ៖ ចំពោះសំណូមពរ ឲ្យទទួលប្រធានសហជីពចូលបម្រើការងារវិញ ក្រុមហ៊ុនមិនទាន់សម្រេចទេ សូមលើកពេលទៅសម្រេចនាពេលក្រោយ។

គួរបញ្ជាក់ថា បន្ទាប់ពីផ្ទុះការតវ៉ាពីសំណាក់បុគ្គលិក Naga World ជាង ១០០០នាក់ ដោយទាមទារលក្ខខណ្ឌមួយចំនួន នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌចំការមន បានអញ្ជើញតំណាងអ្នកតវ៉ាមួយចំនួន ជួបប្រជុំរកដំណោះស្រាយ។ ចំណែកក្រុមអ្នកតវ៉ានៅខាងមុខ Naga World បាននៅស្ងៀមនៅនឹងកន្លែង ដោយមិនទាន់ធ្វើសកម្មភាពអ្វីបន្តទៀតទេ។

លក្ខខណ្ឌដែលបុគ្គលិកទាំងនោះទាមទាររួមមាន៖

*ឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ
*អនុញ្ញាតឲ្យកម្មករឈប់សម្រាកតាម គោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ
*បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ និងដំឡើងប្រាក់ឈ្នួល ៣០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង៥០០ដុល្លារសម្រាប់ បុគ្គលិកផ្នែកកាស៊ីណូជាដើម។

ក្រុមបុគ្គលិកដែលតវ៉ា ក៏បានលើកបដាមួយចំនួនទៀត ដូចជាសរសេរថា «ណាហ្គាវើលដ៍ ត្រូវគោរពសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខ៤៧/០៩ និងលេខ១០/១០», «ការទាមទារប្រាក់ឈ្នួល រស់នៅសមរម្យ គឺជាសិទ្ធិមិនមែនជាបទល្មើសឧក្រិដ្ឋទេ» ជាដើម៕