(ភ្នំពេញ)៖ ទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិ លោកសាស្ត្រាចារ្យ ជែហ្រ្វី សាច (Jeffrey D.Sachs) បានបង្ហាញការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា។ លោកបានហៅវឌ្ឍនភាពរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ គឺជារឿងមួយហួសពីការស្មាន។
ការបង្ហាញនូវភាពស្ញប់ស្ញែងចំពោះភាពរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ពីសំណាក់លោកសាស្ត្រាចារ្យទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិ បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។
លោកសាស្ត្រាចារ្យ ជែហ្រ្វី សាច បានមកកាន់ប្រទេសកម្ពុជាលើកទី១កាលពីឆ្នាំ២០០៥។ ក្នុងដំណើរទស្សនកិច្ចលើកទី២នៅកម្ពុជា ក្នុងរយៈពេលប្រមាណជា ១៥ឆ្នាំក្រោយនេះ បានធ្វើឱ្យលោកសាស្ត្រាចារ្យ បានមើលឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច សង្គម វិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងការអភិវឌ្ឍលើវិស័យផ្សេងៗទៀត ដែលជារឿងមួយដែលលោកនឹកស្មានមិនដល់នោះឡើយ។ នេះការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ហើយត្រូវបានដកស្រង់សម្តីមកបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មាន ដោយលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នៅក្រោយជំនួប។
កម្ពុជា ជាប្រទេសមួយដែលបានស្រោចស្រង់ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម ហើយត្រូវបានអភិវឌ្ឍន៍ជាជំហានៗឆ្លងការលំបាក ឧបសគ្គរាប់ម៉ឺនករណីរហូតមកកាន់ដំណាក់កាលនៃការរីកចម្រើនដូចពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បុរសរដ្ឋដែលបានកាន់ចង្កូតនាវាកម្ពុជា បានថ្លែងអំណរគុណ ចំពោះការចាប់អារម្មណ៍របស់លោក ជែហ្រ្វី ចំពោះការអភិវឌ្ឍទាំងឡាយនៅក្នុងកម្ពុជា។ សម្តេចតេជោបន្តថា ការអភិវឌ្ឍទាំងនោះ គឺសុទ្ធសឹងតែជាកិច្ចប្រឹងប្រែងរបស់ប្រជាជនកម្ពុជា របស់សការីរបស់សម្ដេច ទើបនាំកម្ពុជាមកកាន់ចំណុចអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។
សម្ដេចតេជោ ក៏បានជម្រាបលោក ជែហ្វ្រី ដែរថា កម្ពុជាមានមហិច្ឆតា ជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចតេជោ បន្តថា កន្លងមកកម្ពុជាបានដាក់ចេញគោលនយោបាយស្បៀង និងនាំអង្ករចេញ ហើយក៏បានទទួលជោគជ័យ។ ជាពិសេសលើគោលនយោបាយស្បៀង កម្ពុជាដែលជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអាហារ បានប្រែក្លាយទៅជាប្រទេសមួយ មានអតិរេកស្បៀងទៅវិញ។ ពេលនោះទៀត កម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយ ឧស្សាហកម្មដែរ ធ្វើយ៉ាងណាជំរុញឧស្សាហកម្មកម្ពុជា ឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់។
សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ ជែហ្វ្រី កាលពី១៥ឆ្នាំមុន សម្ដេចបានពិភាក្សាគ្នាអំពីបញ្ហាការអភិវឌ្ឍសហវត្ស។ ប៉ុន្តែនៅពេលនេះ គឺពិភាក្សាជាថ្មីម្ដងទៀត លើការអភិវឌ្ឍប្រកបដោយចីរភាពវិញ ហើយការអភិវឌ្ឍប្រកបដោយចីរភាពនេះ គឺមានសារៈសំខាន់ជាងគេបំផុត គឺវិស័យបរិស្ថានតែម្តង។
សម្តេចតេជោ បន្តថា បញ្ហាបច្ចុប្បន្ននេះ បញ្ហាស្ទះចរាចរណ៍ ដែលកាលពី១៥ឆ្នាំមុន មិនដែលបានឃើញនោះ ហើយក៏ដូចជាបញ្ហាចំណតរថយន្ត បញ្ហាសំណល់រឹង សំណល់រាវ ជាពិសេសទៅទៀតនោះ គឺបញ្ហាប្រែប្រួលអាកាសធាតុ។ បញ្ហានេះបាននាំមកនូវការបារម្ភសម្រាប់កម្ពុជា ជាពិសេសលើវិស័យកសិកម្មផង លើវិស័យធនធានទឹកផង ដែលធ្វើឱ្យកម្រិតទឹកនៅកម្ពុជា មានកម្រិតទាប។ ក្នុងន័យនេះសម្ដេចតេជោ បានមានប្រសាសន៍ថា គប្បីរួមគ្នាដោះស្រាយ។ ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុនេះ ដែលកម្ពុជាគាំទ្រគោលនយោបាយ និងរាល់អ្វីៗ ដែលជាពាក់ព័ន្ធនឹងបញ្ហានេះ ដែលអង្គការសហប្រជាជាតិ បានដាក់ចេញមក។
លោកសាស្ត្រាចារ្យ ជែហ្វ្រី បានជម្រាបសម្ដេចតេជោថា លោកត្រៀមជានិច្ចក្នុងការជួយដល់កម្ពុជា ជំរុញការអភិវឌ្ឍរបស់កម្ពុជា តំបន់អាស៊ាន និងតំបន់ដទៃទៀត ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងជំនួបជាមួយសម្តេចតេជោនេះ លោកទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍នាពេលនេះ លោកនឹងធ្វើដំណើរមកប្រទេសកម្ពុជា ហើយទៅឡាវ និងប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹង និងជំរុញលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន និងសហគមន៍អឺរ៉ុប។ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងបច្ចេកវិទ្យាជាដើម ពោលធ្វើយ៉ាងណាឱ្យយសហគមន៍អឺរុប និងអាស៊ាន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការល្អ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកនឹងទៅជួបថ្នាក់ដឹកនាំសហគមន៍អឺរ៉ុបនៅសប្តាហ៍ក្រោយ ហើយលោកប្តេជ្ញាជំរុញលើកស្ទួយ កិច្ចសហប្រតិបត្តិការរវាង សហគមន៍អឺរ៉ុប និងអាស៊ាន និងសង្កត់ធ្ងន់អំពីសារៈសំខាន់ រវាងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរនេះ។ លោកទីប្រឹក្សាអង្គការសហប្រជាជាតិលើកឡើងទៀតថា អង្គការសហប្រជាជាតិមិនចង់ឃើញមានការបែកបាក់គ្នា រវាងតំបន់ និងតំបន់នោះទេ។
លោក ជែហ្រ្វី លើកឡើងទៀតថា អាស៊ាន គឺមានសក្តានុពលខ្ពស់។ បើអាស៊ានបូកបញ្ចូលជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង នោះតំបន់អាស៊ាន នឹងមានការអភិវឌ្ឍដោយគ្មានដែនកំណត់។ ជាពិសេសលើវិស័យបច្ចេកវិទ្យា ដែលបច្ចេកវិទ្យានេះ អាចយកមកប្រើប្រាស់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕