(បន្ទាយមានជ័យ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានបន្ដនាំយកថវិកាសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពីការបរិច្ចាកពីសប្បុរសជន ចំនួន២០ម៉ឺនដុល្លារ ទៅផ្តល់ជូនគ្រួសារសព៤នាក់ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។
ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវ ដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំ។
លោក សេង ទៀង បានឲ្យដឹងថា គ្រួសារសពដែលទទួលបានថវិកានេះ រួមមាន ពីរនាក់ប្ដីប្រពន្ធ ដែលសម្ដេចជួយសង្គ្រោះបានចុងក្រោយគេ ស្លាប់កូនម្នាក់ ទទួលបាន៥ម៉ឺនដុល្លារ, ប្ដីប្រពន្ធ២នាក់ស្លាប់ បន្សល់ទុកកូន២នាក់ ម្នាក់ទទួលបាន៥ម៉ឺនដុល្លារ ស្ថិតក្រោមអាណាព្យាបាលរបស់ជីដូន, ២នាក់ប្ដីប្រពន្ធ ប្ដីរងរបួស ហើយប្រពន្ធស្លាប់ ទទួលបាន៥ម៉ឺនដុល្លារ។ ដោយឡែក ស្ដ្រីម្នាក់ដែលរងរបួសប៉ុន្ដែមិនមានឈ្មោះក្នុងបញ្ជី ក៏ទទួលបានថវិកា១ម៉ឺនដុល្លារផងដែរ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាដល់ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា១ម៉ឺនដុល្លារ។
ករណីបាក់រលំអគារកម្ពស់៦ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យមនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕