(ភ្នំពេញ)៖ លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃត្រង់ទី១៦ ខែមករា ឆ្នាំ២០២០ ក្រោយបញ្ចប់សវនាការលើកទី៣ នៃសំណុំរឿងរបស់លោក កឹម សុខា បានបញ្ជាក់សារជាថ្មីថា ប្រទេសទាំង៩ ដែលមានឈ្មោះក្នុងលិខិតរបស់មេធាវីរាជរដ្ឋាភិបាល ដាក់ស្នើជូនក្រុមប្រឹក្សាជំនុំជម្រះនោះ គឺគ្រាន់តែពាក់ព័ន្ធនឹងឈ្មោះតាងក្នុងឯកសារនៃសំណុំរឿងតែប៉ុណ្ណោះ វាមិនពាក់ព័ន្ធនឹងអំពើល្មើសជាមួយលោក កឹម សុខា ទាំងអស់នោះឡើយ។

លោកមេធាវី គី តិច បានអះអាងថា សាធារណៈជនមានការភ័ន្តច្រឡំ ដោយបានឃើញប្រព័ន្ធផ្សព្វផ្សាថា ប្រទេសទាំងនោះ ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា ។ ជាការពិត ឈ្មោះប្រទេសដែលសរសេរតាងក្នុងលិខិតដាក់ជូនក្រុមប្រឹក្សាជំនុំជម្រះនោះ គឺគ្រាន់តែបញ្ជាក់អំពីប្រភពនៃឯកសារពាក់ព័ន្ធឈ្មោះប្រទេសតែប៉ុណ្ណោះ មិនមានន័យថា ប្រទេសទាំងអស់នោះ ពាក់ព័ន្ធនឹងបទល្មើសរបស់លោក កឹម សុខា ទាំងអស់នោះឡើយ។

ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបកស្រាយឡើងវិញយ៉ាងដូច្នេះថា «ព័ត៌មានខ្លះយកទៅចុះផ្សាយ អត់បានស្វែងយល់ពិតប្រាកដគាត់ថា ប្រទេសទាំងប៉ុន្មាន ដែលខ្ញុំបង្ហាញសុទ្ធតែពាក់ព័ន្ធក្នុងសំណុំរឿងហ្នឹង ចឹងនេះជាការបំបែកព័ត៌មានមួយផ្ទុយពីការពិត។ ការពិតឈ្មោះប្រទេសដែលយើងតាង គឺជាឧទាហរណ៍ ឬតំណាង ឬតាង ទេ សម្រាប់ដាក់ស្នើទៅចៅក្រម [...] ពិតមែនគាត់ (ប្រទេស) នោះមានឈ្មោះនៅក្នុងហ្នឹងមែន តែពាក់ព័ន្ធតែក្នុងឯកសារនៃសំណុំរឿង ពុំមានន័យថាពាក់ព័ន្ធនឹងបទល្មើស ទាំងអស់ ឡើយ»

ជាមួយគ្នានេះលោកមេធាវី គី តិច ក៏បានអះអាងថា ការតាងដោយអក្សរទៅលើប្រទេសទាំងនោះ នៅលើសាលក្រម សាលដីកា គឺក្នុងគោលបំណងរក្សាបាននូវទំនាក់ទំនងល្អ រវាងរដ្ឋ និងរដ្ឋ ប៉ុណ្ណោះ៕