(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា ទើបទទួលបានថវិកា១,០៨៦,៣៦៨ដុល្លារសហរដ្ឋអាមេរិក ពីមូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាជាង១លានដុល្លារនេះ បានពីការដកកម្រៃពីសំបុត្រចូលទស្សនាតំបន់អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០១៩។
ជាមួយនឹងការប្រគល់ជូនថវិកាជាង១លានដុល្លារនេះដល់មន្ទីរពេទ្យគន្ធបុប្ផា, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានអង្គរ និងស្វាគមន៍រាល់ការបរិច្ចាគទាំងអស់ ទៅតាមលទ្ធភាព និងបន្តលើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា មេត្តាចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា។
សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងនាខែមេសា ឆ្នាំ២០១៨ ដោយមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស ហើយទឹកប្រាក់ដែលមូលនិធិទទួលបានទាំងអស់ ត្រូវទុកសម្រាប់ទ្រទ្រង់នូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា៕