(ភ្នំពេញ)៖ នៅថ្ងៃត្រង់ទី១៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងដល់សាធារណជនបានជ្រាបថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់ នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្រ្តា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បាននិងកំពុងបន្តតាមដានបលើគុណភាពខ្យល់បន្ថែមទៀត។ ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែ ព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់»។ ក្រសួងបរិស្ថាន នឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់ សាធារណជនឱ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗ ជុំវិញស្ថានភាពគុណភាពខ្យល់នៅប្រទេសកម្ពុជា។
ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងគុណភាពខ្យល់ដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការ៕