(ភ្នំពេញ)៖ ករណីក្មេងស្រី ៤នាក់ ព្រួតវាយក្មេងស្រីម្នាក់នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់ហើយនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដោយតម្រូវឲ្យអាណាព្យាបាល និងសិស្សបង្កទាំង៤នាក់ សុំទោសទៅអាណាព្យាបាល និងយុវតីជនរងគ្រោះ ព្រមទាំងសុំទោសជាសាធារណៈចំពោះអ្វីពួកគេបានប្រព្រឹត្តខុសឆ្គង។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា ក្រោយមានការសម្របសម្រួលគ្នាទៅតាមនីតិវិធី ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានកំណត់ឲ្យខាងភាគីបង្កធ្វើការសុំទោស ជាសាធារណៈទៅក្រុមគ្រួសារជនរងគ្រោះ។
នាយការិយាល័យរូបនេះ បានបន្ដទៀតថា បន្ទាប់ពីការសុំទោសហើយនោះ សមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាអប់រំ ដោយមិនឲ្យពួកគេប្រព្រឹត្តទង្វើអមនុស្សធម៌ ឬហិង្សាបែបនេះតទៅ ហើយមិនត្រូវឲ្យមានការគុំគួនទៅខាងភាគីជនរងគ្រោះឡើយ។
ជាមួយគ្នានេះ អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានដែរថា ក្រោយមានការសម្របសម្រួលចប់សព្វគ្រប់ ក្រុមគ្រួសារសិស្សបង្ក និងក្រុមគ្រួសាររងគ្រោះ ទទួលយល់សង និងទទួលទឹកប្រាក់ចំនួន ២,០០០ដុល្លារដែលជាសំណងរដ្ឋប្បវេណី។
សូមជម្រាបថា ជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។ ចំណែក ក្រុមជនបង្កមានគ្នា ៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន៣ទៀត មកវាយលើជនរងគ្រោះថែមទៀត។
យោងតាមក្រុមគ្រួសារអ្នករងគ្រោះ បានប្រាប់អ្នកយកព័ត៌មាន Fresh News ឲ្យដឹងថា ករណីហិង្សានេះ កើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ។ បន្ទាប់វាយដំលើរាងកាយ ដោយប្រើជើងធាក់ខ្លួន និងចំក្បាលរួចមក ក្រុមជនបង្កបានគំរាមដល់ជនរងគ្រោះថែមទៀត។ ចំណែកជនរងគ្រោះមិនបានទៅរៀនទេ ព្រោះខ្លួនប្រាណជ្រាំពេញខ្លួន ប្រាណទាំងអស់។
បើតាមម្តាយយុវតីរងគ្រោះ បានអះអាងថា គាត់មិនបានដាក់ពាក្យបណ្តឹងនៅឡើយទេ ដោយធ្វើការសម្របសម្រួលនៅសាលាជាមួយនាយក ប៉ុន្តែមិនមានលទ្ធផលទើបនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ គាត់បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ក្រោយបានឃើញគេព្រួតវាយកូនស្រីរបស់ខ្លួន។ ម្តាយរូបនេះ បានបន្តថា ក្រោយមកក៏នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានអន្តរាគមន៍ និងស្វែងរកតាមសកម្មភាពហិង្សាតាមវីដេឃ្លីប និងនាំក្មេងស្រីសិស្សសាលាចំនួន៤នាក់។ ម្តាយយុវតីរងគ្រោះ មិនចង់ឲ្យនគរបាលដាក់ទោសទណ្ឌ លើក្មេងបង្កហិង្សាមកលើកូនគាត់ទេ គ្រាន់តែចង់ឲ្យអប់រំ និងឪពុកម្ដាយមកធានា កុំឲ្យប្រើហិង្សាមកលើក្មេងស្រីដទៃទៀត៕