(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមមួយថា អ្នកវិនិយោគវៀតណាម នឹងបន្តវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឱ្យបានកាន់តែច្រើនឡើងថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនឡើងលើសការរំពឹងទុក។
ការបង្ហាញជំនឿចិត្តដ៏រឹងមាំរបស់ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញចូលរួមពិសាអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ នារាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។
នៅក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោបានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានការកើនឡើងយ៉ាងខ្លាំងក្លា។ សម្តេចបានអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការការពារវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប ដែលនឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុប។
សម្តេចជឿជាក់ថា កំណើនសេដ្ឋកិច្ចវៀតណាម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ដល់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្តល់ផ្លែផ្កាដល់ប្រទេសជិតខាងក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ តាមរយៈលំហូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្ នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពី បានតភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ ក្រោយទំនាក់ទំនងថ្មីនេះ មេដឹកនាំប្រទេសទាំងពីរបានខិតខំរក្សាសន្តិភាព និងអភិវឌ្ឍតាមបណ្តោយព្រំដែន ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ព្រមទាំងជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន មានមោទនភាពចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នារយៈពេលកន្លងមក តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកាន់តែញឹកញាប់របស់ថ្នាក់ដឹកនាំជាក់ខ្ពស់ និងទំនាក់ទំនងជាប្រចាំនៃប្រជាជនប្រទេសទាំងពីរ ដែលបានបង្ហាញយ៉ាងប្រត្យក្សពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។ កិច្ចសហប្រតិបត្តិការ ល្អប្រពៃរវាងប្រទេសទាំងពីរបានផ្តល់នូវផ្លែផ្កាគ្រប់វិស័យ ជាអាទិ៍ កំណើនជាបន្តបន្ទាប់នៃសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាដើម។
ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៨ សម្រេចបានប្រមាណ៤, ៧ពាន់លានដុល្លារអាមេរិក កើនឡើង ២៤% បើធៀបនឹងឆ្នាំ២០១៧។ តាមការប៉ាខំស្មាន ក្នុងឆ្នាំ២០១៩ ពាណិជ្ជកម្មកម្ពុជា វៀតណាម មានប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក ពោលគឺ សម្រេចបានលើលពីទំហំពាណិជ្ជកម្មដែលនាយករដ្ឋមន្ត្រីប្រទេសទាំងពីរដាក់ចេញ ក្នុងគោលដៅត្រឹម ៥ ពាន់លានដុល្លារអាមេរិក ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការសម្រេចបាននេះបង្ហាញពីជោគជ័យនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើសពីការរំពឹងទុក។
ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅនេះ សម្តេចតេជោ បានចូលរួមជាអធិបតីជាមួយ ឧបនាយករដ្ឋមន្ត្រី ជីញ ឌិញស៊ុង ក្នុងពិធីសម្ពោធ និងប្រគល់-ទទួលផ្សារគម្រូដែនកម្ពុជា-វៀតណាម ផ្សារដារទៅខេត្តត្បូងឃ្មុំ។ ការបង្កើតផ្សារព្រំដែននេះ គឺជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលនឹងបង្កលក្ខណៈងាយស្រលឱ្យប្រជាពលរដ្ឋប្រទេសទាំងពីររមានលទ្ធភាព ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នាដោយស្របច្បាប់ និងបង្កើតបានស្ថានភាពឈ្នះ-ឈ្នះនៃទំនាក់ទំនងរវាងពាណិជកម្មតាមព្រំដែន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ក្នុងវិស័យវិនិយោគ ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៩ កម្ពុជាបានអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាម ចំនួន ៨៥គម្រោង ក្នុងទុនវិនិយោគសរុបចំនួនជាង ២,៥ពាន់លានដុល្លារអាមេរិក។ ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃការវិនិយោគពីវៀតណាមក្នុងវិស័យនានា ដូចជាវិស័យធនាគារ ធានារ៉ាប់រង សេវាកម្ម និងការលក់ដុំលក់រាយ។ល។
សម្តេចបានបន្តថា ចំពោះវិស័យទេសចរណ៍ ក្នុងចំណោមទេសចរបរទេស ដែលបានមកទស្សនានៅកម្ពុជា ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ ដោយក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៩ ទេសចរវៀតណាមមកកម្ពុជា មានចំនួនប្រមាណ ៧២ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណ ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ កន្លងទៅ។ ទន្ទឹមនឹងនេះ ចំនួនភ្ញៀវទេសចរនៃប្រទេសទាំងពីរ រំពឹងថា នឹងមានកំណើនថែមទៀត តាមរយៈសកម្មភាពផ្សព្វផ្សាយ និងការបង្កើនការតភ្ជាប់ក្នុងចំណោមគោលដៅ និងផលិតផលទេសចរណ៍។ ជាក់ស្ដែង ជើងហោះហើរត្រង់ភ្នំពេញ-ដាណាំង ទើបបានចាប់ផ្តើមដំណើរការ ពេលថ្មីៗនេះ បន្ថែមលើជើងហោះហើរ កម្ពុជា-វៀតណាម ដែលមានស្រាប់ចំនួន ១១២ជើង ក្នុង១សប្តាហ៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា៖ សមិទ្ធផលដ៏ប្រពៃដែលកម្ពុជាទទួលបានកន្លងមក មិនអាចកាត់ផ្តាច់បានពីការចូលរួមយ៉ាងសកម្មរបស់អ្នកវិនិយោតវៀតណាម។ សម្តេចមានជំនឿថា ដើម្បីសម្រួល និងលើកទឹកចិត្ត ឱ្យគម្រោងវិនិយោគវៀតណាមអាចរីកលូតលាស់បាន យើងត្រូវព្យាយាមជួយដោះស្រាយបញ្ហាដែលគម្រោងទាំងនោះជួបប្រទះជាយថាហេតុ ក្នុងដំណើរការរបស់ខ្លួន។ ក្នុងន័យនេះ ក្នុងឱកាសវេទិកាធុរកិច្ចវៀតណាម-កម្ពុជាដែលត្រូវបានរៀបចំឡើង ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្តេចនៅទីក្រុងហាណូយ កាលពីខែតុលាកន្លងទៅនេះ សម្តេចបានឱ្យមានការរៀបចំយន្តការសន្ទនារវាងតំណាង ស្ថាប័នរដ្ឋរបស់កម្ពុជា និងតំណាងសហគ្រាសវៀតណាម ហើយដែលមាន អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកអគ្គរដ្ឋទូតវៀតណាមជាសហប្រធាន ដើម្បីប្រជុំពិភាក្សា ខិតខំរកដំណោះស្រាយនៃបញ្ហានានា។ សម្តេចបានដឹងថា លោកអគ្គរដ្ឋទូត រ៉ូ ហ្វាងមិញ និងលោកសុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាដើម្បីរៀបចំយន្តការនេះហើយ។
សម្តេចបានស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោតវៀតណាមដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាម និងកិច្ចសហប្រតិបត្តិការពហុភាគីនានាដែលមានកម្ពុជា និងវៀតណាមជាសមាជិក៕