(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសច្រានចោលការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន៣រូប ក្រោមហេតុផលនយោបាយ និងមានបំណងបំភាន់សាធារណជន អំពីដំណើរការសវនាការលើជនជាប់ចោទ លោក កឹម សុខា។

តាមសេចក្តីប្រកាសរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាសូមសម្តែងនូវការសោកស្តាយជា ពន់ពេកចំពោះការប្រព្រឹត្តិមិនស្របតាមវិជ្ជាជីវៈរបស់អ្នកជំនាញខាងលើ ដែលមិនមែនជាមន្ត្រីអង្គការសហប្រជាជាតិ និងគ្រាន់តែបំពេញការងារក្នុងឋានៈផ្ទាល់ខ្លួន ប៉ុន្តែតាំងខ្លួនជាចៅក្រមនៅក្នុងកិច្ចការតុលាការនិងផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានរំលឹកអ្នកជំនាញទាំងនោះថា នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដ៏ទៃទៀត បុគ្គលបំពានច្បាប់ត្រូវរងការចោទប្រកាន់និងកាត់ទោស ដោយឈរលើមូលដ្ឋាននៃបទល្មើសដែលបានប្រពឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំងឬអត់ ពុំបានផ្តល់សិទ្ធិឱ្យបុគ្គលនោះធ្វើសកម្មភាព ដោយនិទណ្ឌភាពទេ។ ហេតុផលបុគ្គលឬនយោបាយមិនអាចប្រើប្រាស់ជាទឡ្ហីករណ៍សម្រាប់ការប្រពឹត្តិបទល្មើសទ្បើយ។ បទចោទលើ លោក កឹម សុខា មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ហើយវិធានការច្បាប់ចំពោះគាត់នាពេលកន្លងមកបានត្រូវអនុវត្តស្របតាមច្បាប់ពាក់ព័ន្ធរបស់ប្រទេស រួមទាំងរដ្ឋធម្មនុញ្ញ៕

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ៖