(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសវៀតណាម នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានកត់សម្គាល់ដោយសង្កត់ធ្ងន់ ៣ចំណុច ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ក្នុងនោះមានបញ្ហាមីយ៉ាន់ម៉ា និងបង់ក្លាដែស, បញ្ហាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលលេចធ្លោមួយចំនួនដោយសង្កត់ធ្ងន់ទៅលើបញ្ហាដូចខាងក្រោម៖
* រដ្ឋមន្ត្រីការបរទេសអាស៊ាន បានកត់សំគាល់វឌ្ឍនភាព នៃកិច្ចសន្ទនាក្នុងន័យស្ថាបនារវាង មីយ៉ាន់ម៉ា និងបង់ក្លាដែស ចំពោះដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍របស់ជនបាត់បង់ ទីលំនៅនៅរដ្ឋរ៉ាខាញ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំ ប្រឹងប្រែងរបស់អគ្គលេខាធិការអាស៊ាន ក្នុងការដឹកនាំការអនុវត្តអនុសាសន៍នៃការវាយតម្លៃ សេចក្តីត្រូវការបឋម ហើយបានទន្ទឹងរង់ចាំមើលការអនុវត្តនូវការវាយតម្លៃពីតម្រូវការគ្រប់ជ្រុងជ្រោយ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញពីការត្រៀមរួចរាល់របស់អាស៊ាន ក្នុងការជួយគាំទ្រដល់ដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ឱ្យបានឆាប់រហ័សមានសុវត្ថិភាព និងមានសណ្តាប់ធ្នាប់។
* ចំពោះបញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងកិច្ចពិគ្រោះយោបល់រវាងអាស៊ាន និងចិន ជាពិសេសការបញ្ចប់ការពិភាក្សាជុំទី១ និងការចាប់ផ្តើមពិភាក្សាជុំទី២ នៃសេចក្តីព្រាងអត្ថបទចរចាតែមួយនៃក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឱ្យបានទាំងស្រុង ពេញលេញ និងមានប្រសិទ្ធភាព។
* រដ្ឋមន្រ្តីការបរទេសអាស៊ាន រំពឹងទុកពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូ សេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) នៅឆ្នាំនេះ ដែលនឹងរួមចំណែកបន្ថែមទៀត ដល់កំណើនសេដ្ឋកិច្ច និងវិបុលភាពក្នុងតំបន់ ។
នៅក្នុងកិច្ចប្រជុំនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឆ្លៀតឱកាសជម្រាបជូនកិច្ចប្រជុំចង្អៀត អំពីអាទិភាពកម្ពុជានៅក្នុង អាស៊ានសម្រាប់ឆ្នាំ២០២០។ ពាក់ព័ន្ធនឹងសសរស្តម្ភនយោបាយសន្តិសុខអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងនាមជាប្រទេសដែលផ្តួចផ្តើម និងធ្វើជាម្ចាស់ផ្ទះនៃ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន កម្ពុជាជានិច្ចជាកាលបេ្តជ្ញាចិត្តជួយមជ្ឈមណ្ឌល ឱ្យដំណើរការបានពេញលេញ និងមានប្រសិទ្ធភាព ក្នុងការបង្កើនការយល់ដឹងពីផលប៉ះពាល់ នៃសំណល់យុទ្ធភណ្ឌពីសង្គ្រាម និងបានលើកទឹកចិត្ត ដោយមជ្ឈមណ្ឌលមានវឌ្ឍភាពជាវិជ្ជមាន ក្នុងការកសាងសមត្ថភាពស្ថាប័ន និងពង្រីកដំណើរការនៅឆ្នាំ២០១៩។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាស៊ានជាមួយប្រទេស ដៃគូសន្ទនាអាស៊ាន គឺជាមូលដ្ឋានគ្រឹះនៃការកសាងសហគមន៍អាស៊ាន និងមជ្ឈភាពរបស់អាស៊ាន។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនកិច្ចប្រជុំស្តីពីការត្រៀមរៀបចំកិច្ចប្រជុំ កំពូលថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦ នៅដាណាង ប្រទេសវៀតណាម។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាពីសំណើរបស់សហរដ្ឋអាមេរិក ដើម្បីរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២០ នៅឡាសវេហ្គាស សហរដ្ឋអាមេរិក៕