(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា អត្រាគ្រោះថ្នាក់ចរាចរបានឈានដល់កម្រិតប្រកាសអាសន្នហើយ។ សម្តេចក្រឡាហោម ជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បង្កើនស្មារតីអនុវត្តន៍ច្បាប់ចរាចរឱ្យបានខ្ជាប់ខ្ជួន និងតឹងរឹងបំផុត។
ការប្រកាសរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ពេញមួយឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតចំនួន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ គិតជាមធ្យមភាគក្នុងមួយថ្ងៃមានមនុស្សស្លាប់ ៥.៤នាក់។
របាយការណ៍បង្ហាញថា គ្រោះថ្នាក់ចរាចរនេះកើតឡើងភាគច្រើននៅក្នុងរាជធានីភ្នំពេញ ដែលបណ្តាលឱ្យមនុស្សស្លាប់ ៣៤៨នាក់ តាមពីក្រោយដោយខេត្តព្រះសីហនុ ស្លាប់ ១៤៩នាក់ និងខេត្តកណ្តាលស្លាប់ ១៤៣នាក់។ អត្រាគ្រោះថ្នាក់ចរាចរនៅឆ្នាំ២០១៩ កើនឡើង ៨៤៥លើក ស្មើនឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះអ្នកស្លាប់កើន ២២០នាក់ ស្មើនឹង ១២ភាគរយ ខណៈអ្នករងរបួសកើន ១,៣៧១នាក់ ស្នើនឹងប្រមាណ ២៩ភាគរយ។
សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា តួលេខនេះ ជាតួលេខមួយខ្ពស់ ដែលសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែកត្រូវតែចូលរួមទប់ស្កាត់ការកើតគ្រោះថ្នាក់ចរាចរនេះ។ សម្តេច ស ខេង បានគូសបញ្ជាក់ដូច្នេះ «ជាតួលេខមួយដែលយើងត្រូវតែប្រកាសអាសន្នហើយ។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មិនថាតែផ្នែកណាទេ ព្រោះវាកើតឡើងច្រើនពេក»។
ក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចររួមមាន ការបើកបរលើសល្បឿនកំណត់ ៣៨ភាគរយ, មិនគោរពសិទ្ធិ ២៣ភាគរយ, មិនប្រកាន់ស្តាំ ១៣ភាគរយ, វ៉ាជែង ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយានយន្ត ២ភាគរយ និងងងុយដេក ១ភាគរយ។
ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនេះ ភាគច្រើនជាអ្នកជិះម៉ូតូ ដែលមានចំនួន ១,៥៤២នាក់ នៃចំនួនអ្នកស្លាប់សរុប ១,៩៨១នាក់ ស្មើនឹង ៧៨ភាគរយ។ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ១,១៨៦នាក់ ស្មើនឹង ៧៧ភាគរយ។
នៅឆ្នាំ២០១៩កន្លងទៅនេះ រថយន្តដឹកកម្មករ និយោជិតជួបគ្រោះថ្នាក់ចរាចរចំនួន ១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៣៣៤នាក់៕