(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ចំពោះអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលមានរហូតដល់ជាង ៤ពាន់លើក និងបណ្តាលឱ្យមនុស្សស្លាប់រហូតដល់ជិត ២ពាន់នាក់។ អត្រាគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រឡាហោម ស ខេង បានចាត់ទុកជាកម្រិតមួយឈានដល់ការប្រកាសអាសន្ន។
ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រឡាហោម ស ខេង បានមើលឃើញថា ការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជាវិធានការដ៏ចាំបាច់មួយ ដែលមន្ត្រីអនុវត្តន៍ច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់។ សម្តេចក្រឡាហោម ស ខេង ក៏បានមើលឃើញផងដែរថា កម្រិតផាកពិន័យនាពេលបច្ចុប្បន្នហាក់នៅធូរលុងនៅឡើយ ជាហេតុនាំឱ្យអ្នកប្រព្រឹត្តលើ្មសនឹងច្បាប់ចរាចរណ៍មិនសូវជាខ្លាចរអានោះឡើយ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ចង់ឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកែប្រែលើអនុក្រឹត្យ ដើម្បីបង្កើនកម្រិតផាកពិន័យអ្នកប្រព្រឹត្តល្មើសច្បាប់បើកបរឱ្យបានធ្ងន់ធ្ងរជាងពេលបច្ចុប្បន្ន រហូតឈានដល់ការដកបណ្ណបើកបររបស់អ្នកបរក្នុងស្ថានភាពស្រវឹង និងអ្នកបើកបរញៀនថ្នាំត្រូវពិន័យលែងឱ្យបើកបរមួយជីវិត។
«បើឃើញថា អ្នកហ្នឹងបើកបរក្នុងស្ថានភាពស្រវឹងចោះពែកមី (បណ្ណបើកបរ) ហ្នឹងមួយ។ ចោះតែម្តង បើគ្រាន់តែចុះក្នុងក្រដាស់ផ្សេងអត់បានទេ គឺចោះតែម្តង ដើម្បីស្រួលពិនិត្យ។ លើកទីពីរចោះមួយទៀត លើកទីបី ដកពែកមី ហើយហាមមិនឱ្យបើកបរក្នុងរយៈពេលប៉ុន្មាន? មួយឆ្នាំ ឬពីរឆ្នាំ [...]។ [...] បើរកឃើញអ្នកមានសារជាតិញៀនមិនបាច់និយាយអ្វីទាំងអស់ បើថាមានពែកមី ចោះដល់៥-៦ មិនមែនចោះពីរទេ ហើយដកយកតែម្តង។ អ្នកហ្នឹង គឺមួយជីវិតមិនអនុញ្ញាតឱ្យបើកបរ»។ នេះជាការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង។
សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ការអនុវត្តន៍នេះមិនត្រឹមតែអ្នកបើកបររថយន្តនោះទេ អ្នកបើកបរម៉ូតូក៏ត្រូវអនុវត្តន៍ដែរ។ សម្តេចក្រឡាហោម បានណែនាំឱ្យចាប់ផ្តើមពិនិត្យទៅលើអនុក្រឹត្យស្តីពីការផាកពិន័យនេះចាប់ពីថ្ងៃស្អែកតែម្តង។
សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ដែរថា ការអនុវត្តន៍វិធានការច្បាប់តឹងរឹងមិនមែនចង់បានលុយរបស់ប្រជាពលរដ្ឋនោះជាអ្នកបើកបរនោះទេ តែជាវិធានការ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «តឹងនេះមិនមែនដើម្បីលុយទេ តឹងនេះដើម្បីជីវិតរបស់ពួកគាត់មិនអ៊ីចឹង? ដើម្បីជីវិតរបស់ពួកយើងទាំងអស់គ្នា។ កុំយល់ច្រឡំថា គិតតែពីផាកពិន័យសំខាន់យកលុយនោះមិនមែនទេ។ មិនមែនក្នុងន័យអ៊ីចឹងទេ លុយហ្នឹងមិនមែនយកចូលរដ្ឋទេ យកមកដើម្បីលើកទឹកចិត្តឱ្យប៉ូលិសធ្វើការ សមត្ថកិច្ចដែលធ្វើការណុងទេ។ មិនមែនក្នុងន័យថា រឹបអូសអ៊ីចឹង ដើម្បីបានលុយច្រើនយកទៅណាផ្តេសផ្តាស់ទេ មិនមែនទេ។ ដើម្បីធានាការពារការគោរពច្បាប់ ហើយធានាជីវិត ព្រោះអាយុជីវិតវាធំជាងគេបំផុត វាមានតម្លៃជាងគេបំផុតគ្មានអ្វីកាត់ថ្លៃបានទេ»។
សម្តេចក្រឡាហោម បានរំលឹកដល់សមត្ថកិច្ចជាអ្នកអនុវត្តន៍ច្បាប់ថា ឆ្នាំ២០២០នេះ ត្រូវតែជាឆ្នាំអនុវត្តន៍ច្បាប់ ដោយមិនអាចព្រងើយកន្តើយបានទៀតនោះឡើយ ដ្បិតអត្រាគ្រោះថ្នាក់ចរាចរណ៍បានឈានដល់កម្រិតប្រកាសអាសន្នហើយ។
សូមបញ្ជាក់ថា ពេញមួយឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតចំនួន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ គិតជាមធ្យមភាគក្នុងមួយថ្ងៃមានមនុស្សស្លាប់ ៥.៤នាក់។ គ្រោះថ្នាក់ចរាចរនេះកើតឡើងភាគច្រើននៅក្នុងរាជធានីភ្នំពេញ ដែលបណ្តាលឱ្យមនុស្សស្លាប់ ៣៤៨នាក់ តាមពីក្រោយដោយខេត្តព្រះសីហនុ ស្លាប់ ១៤៩នាក់ និងខេត្តកណ្តាលស្លាប់ ១៤៣នាក់។
ក្នុងរបាយការណ៍បង្ហាញថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចររួមមាន ការបើកបរលើសល្បឿនកំណត់ ៣៨ភាគរយ, មិនគោរពសិទ្ធិ ២៣ភាគរយ, មិនប្រកាន់ស្តាំ ១៣ភាគរយ, វ៉ាជែង ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយានយន្ត ២ភាគរយ និងងងុយដេក ១ភាគរយ។
របាយការណ៍បានគូសបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរនៅឆ្នាំ២០១៩ កើនឡើង ៨៤៥លើក ស្មើនឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះអ្នកស្លាប់កើន ២២០នាក់ ស្មើនឹង ១២ភាគរយ ខណៈអ្នករងរបួសកើន ១,៣៧១នាក់ ស្នើនឹងប្រមាណ ២៩ភាគរយ។
ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនេះ ភាគច្រើនជាអ្នកជិះម៉ូតូ ដែលមានចំនួន ១,៥៤២នាក់ នៃចំនួនអ្នកស្លាប់សរុប ១,៩៨១នាក់ ស្មើនឹង ៧៨ភាគរយ។ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ១,១៨៦នាក់ ស្មើនឹង ៧៧ភាគរយ។
នៅឆ្នាំ២០១៩កន្លងទៅនេះ រថយន្តដឹកកម្មករ និយោជិតជួបគ្រោះថ្នាក់ចរាចរចំនួន ១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៣៣៤នាក់។
របាយការណ៍បានបង្ហាញដែរថា ក្នុងចំណោមអ្នកបើកបរ និងព្រូរថយន្តដែលត្រួតពិនិត្យប្រមាណ ៩៧នាក់ មាន ៣៤នាក់ ផ្ទុកសារជាតិញៀន៕