(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News ដែលជាអង្គភាពព័ត៌មានឈានមុខគេមួយនៅកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បន្ដបានទទួលនូវប័ណ្ណសរសើរ ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមផ្សព្វផ្សាយអប់រំ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

ការផ្តល់ប័ណ្ណសរសើរជូនអង្គភាពព័ត៌មាន Fresh News នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសុរបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ និងទិសដៅបន្ដឆ្នាំ២០២០ ដែលបានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលអញ្ជើញទទួលប័ណ្ណសរសើរពីគណៈអធិបតី ក្នុងកិច្ចប្រជុំខាងលើ បានថ្លែងអំណរគុណ និងសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ចំពោះគណៈកម្មាធិការដែលបានផ្តល់នូវការលើកទឹកចិត្ត តាមរយៈការផ្តល់ប័ណ្ណសរសើរជូន អង្គភាពព័ត៌មាន Fresh News។

នាយកប្រតិបត្តិវ័យក្មេងដដែលរូបនេះ បង្ហាញនូវឆន្ទៈរបស់ខ្លួនថា «Fresh News សូមប្តេជ្ញាថា នឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអប់រំ បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា តាមរយៈការផ្សព្វផ្សាយនូវព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌»

លោក លឹម ជាវុត្ថា បានបន្តបញ្ជាក់យ៉ាងដូច្នេះថា «ប័ណ្ណសរសើរដែល Fresh News ទទួលបាននាពេលនេះ គឺមិនមែនជាកិត្តិយសតែខ្ញុំនោះទេ ប៉ុន្តែវាជាកិត្តិយសរបស់បុគ្គលិកគ្រប់ផ្នែកទាំងអស់ ដែលបម្រើការងារនៅអង្គភាពព័ត៌មាន Fresh News មានជាង១៣០នាក់»

អង្គភាពព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបង្ការ អប់រំ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ តួយ៉ាងជារៀងរាល់ថ្ងៃនេះ Fresh News បានចុះផ្សាយយ៉ាងទៀងទាត់ជាប្រចាំថ្ងៃ នូវលទ្ធផលនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ និងសារអប់រំជាប្រចាំ អំពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីជាការដាក់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ នៅពេលបើកយានយន្តតាមដងវិថីនោះ។

សូមជម្រាបថា នេះជាប័ណ្ណសរសើរទី៤ហើយ ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រគល់ជូនអង្គភាពព័ត៌មាន Fresh News ដែលប័ណ្ណសរសើរទី១ Fresh News ទទួលបាននៅឆ្នាំ២០១៧, លើកទី២ ទទួលបាននៅឆ្នាំ២០១៨ , លើកទី៣ ទទួលបាននៅឆ្នាំ២០១៩៕