(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា តំណាងនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ រួមជាមួយបណ្ដាស្ថានទូត និងស្ថានតំណាងបេសកកម្មនានាប្រចាំកម្ពុជា។
យោងតាមរបាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០១៩ បានឲ្យដឹងថា ជនបរទេស ដែលជាវិនិយោគិន និងទេសចរបរទេស ដែលមកប្រទេសកម្ពុជា ទទួលរងគ្រោះសរុបចំនួន ៥៥៨ករណី (ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ៣១ករណី ស្មើនឹង ៥,៥%) មានជនរងគ្រោះ ៦៨១នាក់ (ស្លាប់២៤៥នាក់ របួស១០០នាក់ បាត់បង់ទ្រព្យសម្បត្តិ ២១៣នាក់ បទល្មើសផ្សេងៗ ១២៣នាក់) មាន៤០សញ្ជាតិ លើ២៣រាជធានី-ខេត្ត សញ្ជាតិរងគ្រោះភាគច្រើនគឺ ចិន វៀតណាម បារាំង អង់គ្លេស និងអាមេរិក ហើយភូមិសាស្រ្តដែលកើតមានភាគច្រើនគឺនៅខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
ក្រៅពីជនបរទេសរងគ្រោះ ក៏នៅមានជនបរទេសប្រព្រឹត្តបទល្មើសសរុបចំនួន ៣២៤ករណី (ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ៤៩ករណី ស្មើនឹង ១៥,១២%) ឃាត់ខ្លួន ១៤៣៣នាក់ មាន ៤០សញ្ជាតិ លើ ២២រាជធានី-ខេត្ត លើបទល្មើស ២៣ប្រភេទ សញ្ជាតិប្រព្រឹត្តបទល្មើសភាគច្រើនគឺ ចិន វៀតណាម ថៃ ឥណ្ឌា កូរ៉េខាងត្បូង ហើយភូមិសាស្រ្តដែលកើតមានភាគច្រើនគឺនៅ ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប។
ដោយឡែក ករណីបណ្ដឹងសុំអន្តរាគមន៍សរុប ៥៧ករណី (មិនទាន់បញ្ចប់មាន ៣៦ករណី ជារបស់ស្ថានទូតចិន ៣២ករណី ស្ថានទូតឥណ្ឌា ០១ករណី និងជនជាតិចិន ០៣ករណី ដោយមូលហេតុកំពុងស្ថិត ក្នុងការស្រាវជ្រាវស៊ើបអង្កេតបន្ត) ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ២១ករណី ស្មើនឹង ៣៦,៨៤%)។
ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារល្អជាមួយបណ្តាស្ថានទូត និងស្ថានតំណាងបេសកកម្មនានា រួមទាំងបានការពារគណៈប្រតិភូ និងមន្ត្រីការទូតបរទេសនានា ក្នុងដំណើរទស្សនកិច្ច និងការចុះបំពេញបេសកកម្មប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសបានប្រតិបត្តិការ អន្តរាគមន៍ដោះស្រាយបញ្ហា និងជួយសង្គ្រោះវិនិយោគិនបរទេស និងទេសចរណ៍បរទេសបានទាន់ពេលវេលា។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារ តំណាងស្ដានទូតប្រចាំកម្ពុជា បានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ប្រចាំនៅកម្ពុជា បានយកចិត្តទុកដាក់អន្តរាគម និងដោះស្រាយបញ្ហាជូនពលរដ្ឋខ្លួន និងការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន ភ្ញៀវទេសចរបរទេស មន្ត្រីការទូត ទីតាំងស្ថានទូត និងនិវេសនដ្ឋានឯកអគ្គរាជទូត-រដ្ឋទូត ដែលមានវត្តមាននៅកម្ពុជា និងសំណូមពរឲ្យក្រុម HOTLINE ជនបរទេស បន្តដោះស្រាយបញ្ចប់ករណី ដែលនៅសេសសល់។
នាយឧត្ដមសេនីយ៍ ថោង លីម បានណែនាំដល់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាសមាជិក ត្រូវអនុវត្តតាមផែនការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាន នគរបាលជាតិ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការការពារសន្តិសុខជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញនិងលើកទឹកចិត្ត វិស័យវិនិយោគ និងទេសចរណ៍នៅកម្ពុជា៕