(ភ្នំពេញ)៖ លោកស្រី ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកិច្ចអភិវឌ្ឍក្នុងសន្ទុះលឿន និងប្រកបដោយផ្លែផ្កា និងបានបញ្ជាក់ថាសហភាពអឺរ៉ុប តែងប្រកាន់ជំហរច្បាស់លាស់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមចំណែកជំរុញកិច្ចអភិវឌ្ឍនៅកម្ពុជា។
ការអះអាងរបស់លោកស្រី ខាមែន ម៉ូរេនូ យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោកស្រីចូលជួបសំដែងការគួរសម និងពិភាក្សាអំពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា និងសហភាពអឺរ៉ុប ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ។
ក្នុងជំនួបនោះអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី ខាមែន ម៉ូរេនូ ដែលត្រូវបានចូលមកបំពេញភារកិច្ចជំនួសលោក ច្សច អេដហ្គា (George Edgar) ដែលបានចប់បេសកកម្មការងារនៅ កម្ពុជាកាលពីពេលថ្មីៗកម្លងមក ជាមួយនឹងក្តីរំពឹងយ៉ាងមុតមាំថា វត្តមានរបស់លោកស្រី នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងសហភាពអឺរ៉ុបឱ្យកាន់តែរឹងមាំថែមទៀត។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច ដែលកម្ពុជាកំពុងសម្រេចបាននូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់។ កម្ពុជា កំពុងបន្តដំណើរយ៉ាងស្វាហាប់ តម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ ២០៥០ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ ដោយបានកំណត់យកឆ្នាំ ២០៣០ ជាឆ្នាំគោល ដែលត្រូវសម្រេចឱ្យបាននូវលទ្ធផលជាសារវ័ន្ធ នៃកំណែទម្រង់សំខាន់ៗ និងការប្រែក្លាយខ្លួនជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់។
លោកស្រី ខាមែន ម៉ូរេនូ ក៏បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ ដល់ប្រតិបត្តិការរបស់សហភាពអឺរ៉ុប រហូតទទួលបានជោគជ័យ ក្នុងកិច្ចសហប្រតិបត្តិការកន្លងមក។
លោកស្រី នឹងបន្តគាំទ្រជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-សភាពអឺរ៉ុប ឲ្យកាន់តែស៊ីជម្រៅ និងជាយុទ្ធសាស្រ្តថែមទៀត តាមរយៈកិច្ច សហប្រតិបត្តិការដែ រស្រមតាមតម្រូវការជាអាទិភាព ជាក់ស្តែង និងកម្មវិធីអភិវឌ្ឍន៍របស់កម្ពុជា ក៏ដូចជាបន្តការគាំទ្រដល់កម្ម វិធីនៃកិច្ចសហប្រតិបត្តិការ ដែលកំពុងតែអនុវត្តន៍ ដូចជា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program) ការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលមានសុឆន្ទៈខ្ពស់ និងពិតប្រាកដក្នុងការចូលរួមចំណែក ដល់កិច្ចអភិវឌ្ឍនៅកម្ពុជា ឈានឆ្ពោះទៅគោលដៅឆ្នាំ២០៣០ និង ២០៥០ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដែលកាន់តែរឹងមាំជាងមុន។
ដើម្បីបន្តជម្រុញឲ្យកិច្ចសហប្រតិបត្តិការកម្ពុជា សហភាពអឺរ៉ុប ឲ្យកាន់តែស៊ីជម្រៅ និងជាយុទ្ធសាស្រ្តថែមទៀត, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចថា ក្រៅពីជំនួយសម្រាប់ការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance, ODA) ដែលនៅតែបន្តដើរតួនាទីសំខាន់ ចូលរួមចំណែកសម្រាប់ការអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេលមធ្យមខាងមុខនេះ, កម្ពុជា ត្រូវការជាចាំបាច់នូវពិពិធកម្មសេដ្ឋកិច្ច ជាមួយដៃគូសំខាន់ដូចជាសហភាពអឺរ៉ុប តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ទាក់ទាញវិនិយោគ និងពាណិជ្ជកម្មមកពីសហគមអឺរ៉ុប ។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាកំពុងតែខិតខំឲ្យ មានការយល់កាន់តែច្បាស់អំពីកម្ពុជា លើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា រៀបចំកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថានសម្រាប់ការវិនិយោគនៅកម្ពុជាឲ្យកាន់ល្អប្រសើរ សម្រាប់ទាក់ទាញវិនិយោគិនមកពីសហគមអឺរ៉ុប ។ ជាមួយគ្នានេះ, ត្រូវខិតខំបន្ថែមក្នុងការលើកកម្ពស់ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកម្ពុជា និងអឺរ៉ុប តាមរយៈ ទេសចរណ៍ បម្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងវិជ្ជាជីវៈ និងការតភ្ជាប់ (Connectivity) ទាំងផ្នែកទន់ និងផ្នែករូបវន្តជាដើម៕