(ភ្នំពេញ)៖ ប្រជាពលរដ្ឋជួបការខ្វះខាត មានទាំងចាស់ជរា ចំនួន១៣គ្រួសារ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានសម្ដែងនូវការអរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីពួកគាត់ទទួលបានការសណ្ដោសប្រណី ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាពពីលោកស្រី អាន ផល្លា ជាពិសី អនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងក្រុមការងារពាក់ព័ន្ធទាំងអស់។

ក្នុងសកម្មភាពមនុស្សធម៌ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោកស្រី អាន ផល្លា ជា ពិសី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែងព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋ ងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា ព្រមទាំងក្រុមការងារសង្កាត់-ខណ្ឌទាំងអស់នេះដែរ ប្រជាពលរដ្ឋ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្រីក្រទូទៅជានិច្ច ក្រៅពីសូមជូនពរសម្ដេចទាំងទ្វេរ ឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជន្មាយុយ៉ឺនយូរ ជួបតែសេចក្តីសុខចម្រើន៕