(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាឥតសំណងសរុប ១៧៥,៣០៨ដុល្លារ ដល់អង្គភាពចំនួនពីរ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយ តូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូជា)។

ពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ត្រូវបានចុះហត្ថលេខាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរ សម្រាប់គម្រោងដូចតទៅ៖

ទី១៖ គម្រោងស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្ត្រកោះស្វាយ ខេត្តកំពង់ចាម ថវិកាចំនួន ៨៩,៥០៨ដុល្លារ អង្គភាពទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម។

ក្នុងគម្រោងនេះ ប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់រួមមាន៖ ទំនប់ទឹក ផ្លូវធ្វើដំណើរទ្វារទឹក និងបំពង់លូ នឹងត្រូវបានស្ដារឡើងវិញ ហើយបំពង់លូថ្មី នឹងត្រូវបានសាងសង់ ក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គម្រោងនេះនឹងធានាបាននូវការផ្គត់ផ្គង់ទឹក ប្រកបដោយប្រសិទ្ធភាព សម្រាប់វាលស្រែ និងពង្រីកដីស្រោចស្រពកសិកម្ម។ គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ជាង៥,០០០នាក់ ក្នុងការបង្កើនផលិតកម្មដំណាំស្រូវ តាមរយៈការស្តារឡើងវិញ នូវទំនប់ទឹកដោយប្រើប្រាស់ជាផ្លូវ ដើម្បីដឹកជញ្ជូនដំណាំ
កសិកម្មឱ្យមានភាពងាយស្រួល ហើយជាលទ្ធផលធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរឡើង។

ទី២៖ គម្រោងពង្រឹងសហគមន៍កសិកម្ម ក្នុងស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ថវិកាចំនួន៨៥,៨០០ដុល្លារ អង្គភាពទទួលជំនួយ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ។

ក្នុងគម្រោងនេះ ឃ្លាំងស្តុកនឹងត្រូវបានសាងសង់ ហើយម៉ាស៊ីនសម្ងតម្រេច និងឧបករណ៍កែច្នៃគ្រាប់ស្វាយចន្ទី នឹងត្រូវបានតម្លើង ក្នុងសហគមន៍កសិកម្មចំនួន២កន្លែង គឺមួយនៅស្រុកមេមត់ និងមួយទៀតនៅស្រកតំបែរ ខេត្តត្បូងឃ្មុំ។

សហគមន៍កសិកម្មទាំងពីរ មានការលំបាកក្នុងការតំឡើង តម្លៃនៃដំណាំពាណិជ្ជកម្ម របស់ពួកគេដែលមានដូចជា៖ ម្រេច និងស្វាយចន្ទី ដោយសារ តែខ្វះខាតបរិក្ខាដែលសមស្របសម្រាប់កែច្នៃ និងកន្លែងសម្រាប់ផ្ទុក។ ដែលរំពឹងថាប្រជាកសិករប្រមាណជា៤៥០នាក់ ដែលជាសមាជិក របស់សហគមន៍កសិកម្មនឹងទទួលបានអត្ថប្រយោជន៍ពីការកែលម្អគុណភាពផលិតផលកសិកម្មរបស់ពួកគេ និងបន្ថែមខ្សែសង្វាក់តម្លៃ ឱ្យកាន់តែស៊ីជម្រៅ ក្នុងអាជីវកម្មរបស់សហគមន៍កសិកម្ម។

ជំនួយឥតសំណង «គូសាណូណិ» របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការអភិវឌ្ឍនិងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាមួយចំនួន ដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូរ របស់ពួកគេ ក៏ដូចជាជួយជំរុញ នូវភាពម្ចាស់ការលើខ្លួនឯង របស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង «គូសាណូណិ» ចំនួន៦២០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕