(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិ បានបញ្ជាក់ជូនប្រតិភូសភាអាមេរិកថា ការកាត់ទោស កឹម សុខា ជាសមត្ថកិច្ចតុលាការ មិនប៉ះពាល់ដល់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើយ វាផ្ទុយនឹងអ្វីដែលអាមេរិក បានបង្ហាញការព្រួយបារម្ភ។
សម្តេចពិជ័យសេនា បានបញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យគណៈប្រតិភូសមាជិកសភាសហរដ្ឋ អាមេរិកដឹកនាំ ដោយលោក Seth Wilbur Moulton សមាជិកគណៈកម្មាធិការកិច្ចយោធាសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ នៅអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ បានថ្លែងឲ្យដឹងពីជំនួបនោះថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ភាគីអាមេរិកបានលើកឡើងនូវការព្រួយបារម្ភរឿងកាត់ទោស កឹម សុខា។
ការកាត់ទោស កឹម សុខាដែលភាគីអាមេរិកគិតថាវាប៉ះពាល់ដល់ប្រជាធិបតេយ្យនិងសិទ្ធមនុស្ស។ ចំពោះការព្រួយបារម្ភនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថារឿងនេះ វាស្ថិតក្នុងសមត្ថកិច្ចតុលាការ ដែលតុលាការជាអ្នកសម្រេចតាមច្បាប់និង ឆន្ទានុសិទ្ធដែលច្បាប់បានកំណត់។
សម្តេចពិជ័យសេនាបានបន្តទៀតថា ចំពោះរឿងប្រជាធិបតេយ្យឬសិទ្ធមនុស្សគឺគ្មានអ្វីប៉ះពាល់នោះទេ ដោយប្រជាជននៅតែចេញធ្វើបុណ្យទាន ធ្វើដំណើរទៅទីផ្សេងៗ និងធ្វើសកម្មភាពផ្សេងៗដោយគ្មានការបង្ខិតបង្ខំ ភ័យខ្លាចអ្វីនោះទេ។
ជាមួយគ្នានេះប្រតិភូអាមេរិកបានលើកឡើងពីការព្រួយបារម្ភមួយទៀតស្តីពីរបាយការផ្សេងៗដែលលើកឡើងថា ចិនអាចនឹងមានមូលដ្ឋានទ័ពនៅមូលដ្ឋានកងទ័ពជើងរាម នៅខេត្តព្រះសីហនុ។
សម្ដេចពិជ័យសេនាបានលើកឡើងថា ដូចដែលបានបញ្ជាក់ជាច្រើនដងរួចមកហើយថា តាមរដ្ឋធម្មនុញ្ញកម្ពុជាគឺមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសលើទឹកដីកម្ពុជាបានទេ ដូច្នេះគ្មានមូលដ្ឋានទ័ពបរទេសលើទឹកដីកម្ពុជាទេ។ តែរដ្ឋធម្មនុញ្ញបានអនុញ្ញាតឱ្យកម្ពុជាទទួលជំនួយប្រទេសជាមិត្ត ជាដៃគូ ដើម្បីកសាងអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធនិងកងទ័ពរបស់ខ្លួន ដូច្នេះកម្ពុជាមានសិទ្ធទទួលជំនួយដើម្បីពង្រឹងកងទ័ពជើងទឹកកម្ពុជា លើកកំពស់សម្ថភាពកងទ័ពជើងទឹកកម្ពុជាតាមរយៈការអភិវឌ្ឍន៍មូលដ្ឋានរាម ដើម្បីឱ្យកម្ពុជាមានសម្ថភាពចូលរួមកិច្ចសហប្រតិបត្តិការណ៍ផ្សេងៗនៅក្នុងតំបន់។ ប៉ុន្តែមូលដ្ឋាននេះនៅតែជាមូលដ្ឋានទ័ពជើងទឹកកម្ពុជា ពុំមែនជារបស់បរទេសនោះទេ។
សម្ដេចពិជ័យក៏បានលើកឡើងពីប្រវត្តិទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជានិងអាមេរិកកន្លងមក ហើយក៏បានលើកពី បទបញ្ជារបស់សម្ដេចតេជោ ដែលដាក់បញ្ជាឱ្យក្រសួងស្ថាប័ននានាពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សម្របសម្រួលនូវអ្វីដែលធ្វើបានគឺធ្វើ និងអ្វីដែលធ្វើមិនបានគឺត្រូវពិភាក្សាគ្នាដោយត្រង់ទៅត្រង់មកដើម្បីរកដំណោះស្រាយ៕