(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការចោទប្រកាន់ពីសំណាក់បរទេសនានាថា ប្រទេសចិនមានឥទ្ធិពល និងមានត្រួតត្រាលើប្រទេសកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ព្រោះកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យភាព និងអព្យាក្រឹត។
ការបញ្ជាក់បែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Seth Wibur Moulton សមាជិកគណៈកម្មាធិការកិច្ចយោធា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «រឿងនេះ ខ្ញុំបានបញ្ជាក់ ហើយបញ្ជាក់ទៀតលើបញ្ហាអភិវឌ្ឍ និងកសាងផ្នែកយោធា គឺខាងកម្ពុជាយើងខ្ញុំកំណត់សុទ្ធសាធ មិនមែនកំណត់ធ្វើមូលដ្ឋាន សម្រាប់យោធាបរទេសនោះទេ បញ្ហាដែលថាចិនមានឥទ្ធិពល និងត្រួតត្រាលើកម្ពុជា គឺហាក់ដូចជាមិនត្រឹមត្រូវនោះទេ»។
រដ្ឋមន្ត្រីការពារជាតិ បានថ្លែងថា តាមរយៈនៃការឆ្លងកាត់ ឬក៏មានបទពិសោធន៍ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្វីៗទាំងអស់ គឺមានបំពេញតាមភាព ឯករាជ្យរបស់ខ្លួន ហើយបញ្ហាអភិវឌ្ឍ និងកសាងផ្នែកយោធា គឺកម្ពុជាបានកំណត់សុទ្ធសាធ មិនមែនកំណត់ធ្វើមូលដ្ឋាន សម្រាប់យោធាបរទេសណាមួយនោះទេ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងការពារជាតិ បានដកស្រង់ប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងកិច្ចជំនួប នោះថា ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការច្រើនតិចនោះ គឺទៅតាមការសម្របសម្រួល ទាំងសងខាងរវាងប្រទេស និងប្រទេស អ្វីដែលបានអំណោយផលច្រើន ដល់ប្រយោជន៍របស់ប្រជាជនកម្ពុជា គឺច្បាស់ណាស់សិទ្ធិជ្រើសរើស របស់កម្ពុជា ត្រូវតែមានផលប្រយោជន៍ច្រើន ចំពោះកម្ពុជានេះឯង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា៖ «ឥឡូវនេះ មើលតាមជាទូទៅឃើញថា ប្រទេសចិនវិនិយោគ នៅកម្ពុជាមានច្រើន ក៏ប៉ុន្តែកម្ពុជា មិនមានតែចិនទេ មានទាំងសហរដ្ឋអាមេរិក ជប៉ុន ក៏មានម៉ាឡេស៊ីក៏មាន និងប្រទេសមួយចំនួនទៀតក៏ធំៗដែរ នោះគឺការវិនិយោគរបៀបនេះ គឺសិទ្ធិសម្រេចទៅតាមច្បាប់ នៃប្រទេសរបស់ខ្លួន មិនមែនឱ្យអ្នកនេះច្រើន អ្នកនោះមិនឱ្យ គឺគ្មានរឿងនេះទេ គឺធ្វើទៅតាមអ្វីដែលជាផលប្រយោជន៍របស់ជាតិនេះ ជារឿងពិតរបស់យើងខ្ញុំគឺដូច្នេះឯង»។
សម្តេចពិជ័យសេនា ទៀ បាញ់៖ «ខ្ញុំមានសេចក្តីសង្ឈឹមយ៉ាងម៉ុតមាំណាស់ចំពោះការបំពេញ បេសសកម្មការទូតរបស់លោក Murphy អាចអញ្ជើញទៅកន្លែងដទៃឱ្យបានច្រើននៅប្រទេសកម្ពុជាបាន ច្រើនកម្ពុជាកំពុងធ្វើដំណើរទៅ ជាពិសេសខាងអនុព័ន្ធយោធាយើងខ្ញុំគឺ បើមានបញ្ហាអ្វីគឺសូមឱ្យមាន ទំនាក់ទំនងគ្នា កាន់តែស្អិតល្មួតថែមទៀត»។
សម្តេចរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានឱ្យដឹងថា មាននាយទាហានកម្ពុជាច្រើនណាស់ បានបណ្តុះបណ្តាលនៅឯសហរដ្ឋអាមេរិក ដោយក្នុងនោះ មេបញ្ជាការជើងគោក គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលចប់ពី West Point កំពុងតែកាន់តួនាទីជាមេបញ្ជាការកងទ័ពជើងគោក។
សម្តេចពិជ័យសេនា ក៏បានប្រាប់ទៅលោក Patrick Murphy ថាកម្ពុជា កំពុងតែជំរុញការកសាងតំបន់ប្រវត្តិសាស្រ្តយោធា ដែលរំលឹករឿងរ៉ាវមួយចំនួន ជាប្រវត្តិសាស្រ្តរបស់កម្ពុជា បានកសាងនៅទីក្រុងភ្នំពេញ គឺវិមានឈ្នះ-ឈ្នះ ប្រសិនបើមានឱកាសសូមលោកអញ្ជើញទៅទស្សនាក៏បាន៕