(ភ្នំពេញ)៖ ក្រោយសវនាការនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ លោក គី តិច មេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានឆ្លៀតថ្លែងអំណរគុណដល់ ទណ្ឌិត សម រង្ស៉ី ដែលបានផ្តល់ភស្តុតាងបន្ថែមទៀត ដើម្បីជួយដាក់បន្ទុកលើ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។
លោក គី តិច បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីសវនាការយ៉ាងដូច្នេះថា៖ «ខ្ញុំអរគុណចំពោះការស្វែងរកភស្តុតាងដ៏មានសារសំខាន់នេះ ទី១ គឺខ្ញុំសង្ឃឹមថា តំណាងអយ្យការ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាចៅក្រមស៊ើបសួរច្បាស់ជាប្រមូលភស្តុតាងដែលសម រង្ស៉ី បានបង្ហាញ ទុកសម្រាប់ដាក់បន្ទុកបន្ថែមទាំងទណ្ឌិត សម រង្ស៉ី ទាំងជនជាប់ចោទ កឹម សុខា»។
រយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈដែលតុលាការបើកសវនាការជំនុំជម្រះលើសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា, លោក សម រង្ស៉ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បានបង្ហាញរូបថត និងឯកសារមួយចំនួន តាមបណ្តាញសង្គម Facebook របស់លោក និងវិទ្យុអាស៊ីសេរី ដើម្បីជំរុញឱ្យ តុលាការក្រុងភ្នំពេញ កាត់ទោសលោកក្នុងសំណុំរឿងក្បត់ជាតិនេះដូច លោក កឹម សុខា ដែរ ដោយសារតែ លោកគឺជាមេដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិ មុនត្រូវតុលាការកាត់ទោសរំលាយ។
លោកមេធាវី គី តិច បានបញ្ជាក់បន្តទៀតថា ភស្តុតាងដែលបង្ហាញដោយ លោក សម រង្ស៉ី បានធ្វើឱ្យតុលាការ តំណាងអយ្យការ សមត្ថកិច្ច ឬចៅក្រមស៊ើបសួរ កាន់តែងាយស្រួលក្នុងការប្រមូលភស្តុតាងដើម្បីដាក់បន្ទុកលើជនជាប់ចោទ កឹម សុខា ហើយក៏បានធ្វើឱ្យតុលាការចំណេញពេលវេលាផងដែរ ដោយមិនចាំបាច់ស៊ើបអង្កេតច្រើន។
បើតាម លោក គី តិច, ក្នុងសំណុំរឿងក្បត់ជាតិនេះ លោក សម រង្ស៉ី ក៏មិនរួចខ្លួនដែរ។ លោកមេធាវីរាជរដ្ឋាភិបាល បានអះអាងថា តុលាការបានបំបែកសំណុំរឿងនេះរួចហើយ ដើម្បីដាក់ទោសអ្នកពាក់ព័ន្ធផ្សេងៗទៀត។ លោកបញ្ជាក់ថា៖ «សំណុំរឿងនេះ បានបំបែករួចហើយ ដើម្បីរង់ចាំស្វាគមន៍ទណ្ឌិត សម រង្ស៉ី»។
សូមជម្រាបថា នៅក្នុងសវនាការនាសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ អង្គជំនុំជម្រះ បានបន្តសួរដេញដោល និងពិភាក្សាទៅលើភស្តុតាងវីដែអូវែងរយៈពេលជាង១ម៉ោង ដែលដាក់ដោយ ជនជាប់ចោទ កឹម សុខា។
មេធាវីរាជរដ្ឋាភិបាល បានកត់សម្គាល់ថា នៅពេលដែលមានការសួរដេញដោល និងពិភាក្សាលើភស្តុងតាងនេះ ជនជាប់ចោទ និងមេធាវីរបស់ជនជាប់ចោទ ហាក់ដូចជាពិបាកឆ្លើយសំណួរ ដោយពួកគាត់ហាក់ចង់រាំងខ្ទប់មិនឱ្យយកភស្តុតាងនេះមកជជែកពិភាក្សា។ លោក គី តិច បានបញ្ជាក់តាំងពីម្សិលមិញថា ភស្តុតាងវីដេអូវែងរយៈពេលមួយម៉ោងនេះ ហាក់ក្លាយជារង្វាន់សម្រាប់លោក ដោយលោកបានមើលឃើញថា វាមិនមែនជាភស្តុតាងដោះបន្ទុកទេ ផ្ទុយទៅវិញវាជាភស្តុតាងដែលនឹងបន្ថែមបន្ទុកលើ លោក កឹម សុខា មិនឱ្យរួចខ្លួនបានថែមទៀត។
យ៉ាងណាក៏ដោយ ក្រោយសវនាការរយៈពេល១ព្រឹក នៅថ្ងៃនេះ តុលាការបានប្រកាសលើពេលទៅបន្តសវនាការនៅថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ សប្តាហ៍ក្រោយ ហើយសវនាការរបស់ លោក កឹម សុខា នឹងបន្តធ្វើឡើងរយៈពេល២ថ្ងៃនេះជារៀងរាល់សប្តាហ៍ផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។
ក្រោយមកលោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឱ្យជួប អតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញដោយដាក់ លោក កឹម សុខា ឲ្យមានសេរីភាពច្រើនជាងមុន ដោយតុលាការហាមឃាត់សិទ្ធិមួយចំនួនប៉ុណ្ណោះ រួមមានដូចជា៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕