(ភ្នំពេញ)៖ លោក គី តិច មេធាវីរាជរដ្ឋាភិបាល ដែលជាដើមបណ្ដឹងរដ្ឋប្បវេណីបានឲ្យដឹងថា មេធាវីការពារសិទ្ធិជនជាប់ចោទ កឹម សុខា ហាក់បង្ហាញនូវការស្ដាយក្រោយ និងជ្រុលខ្លួនបន្ទាប់ពីបានដាក់ឃ្លឹបវីដេអូទាំងស្រុងរបស់លោក កឹម សុខា ជូនក្រុមប្រឹក្សាជំនុំជម្រះដើម្បីដោះបន្ទុក ហើយត្រូវប្រឹក្សាសម្រេចទទួលយកមកប្រើប្រាស់។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើកទី៦ លើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ លោក គី តិច បានអះអាងថា កាលដែលលោកហ៊ាននិយាយថា លោក កឹម សុខា ចង់ជ្រុលខ្លួននោះ ព្រោះមេធាវីលោក កឹម សុខា តែងតែធ្វើឲ្យរាំងស្ទះនៅពេលជជែក ពិភាក្សាដេញដោល។
លោក គី តិច បានអះអាងយ៉ាងដូច្នេះថា «សវនាការនៅព្រឹកនេះ ខ្ញុំបានពិនិត្យឃើញថា ក្រោយពីភាគីជនជាប់ចោទ កឹម សុខា បានដាក់ភស្ដុតាងឃ្លឹបវីដេអូវែង ចូលមក ហើយហាក់ដូចជាភស្ដុតាងហ្នឹងដាក់ទៅវាជ្រុលខ្លួន ដូចខ្ញុំបញ្ជាក់ម្សិលមិញ ចឹងព្រឹកនេះយើងឃើញភាគីជនជាប់ចោទ កឹម សុខា ក៏ដូចជាមេធាវីការពារសិទ្ធិជនជាប់ចោទ ហាក់ដូចជាមានការរាំងស្ទះ ចំពោះការសួរដេញដោល ដោយតំណាងអយ្យការ និងភាគីមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី»។
មេធាវីរាជរដ្ឋាភិបាល បានពន្យល់ទៀតថា ជានីតិវិធីនៅពេលតុលាការសម្រេចទទួលយកភស្ដុតាងនេះហើយ ត្រូវយកភស្ដុតាងនេះ មកដាក់ឲ្យគូភាគី នៅក្នុងសវនាការ ជជែកពិភាក្សា និងពិនិត្យដល់ពេលដាក់ហើយ ក្រុមប្រឹក្សាទទួលយកហើយ តំណាងអយ្យការទទួលយកហើយ ដល់ពេលពិភាក្សាមេធាវីលោក កឹម សុខា បែរជាចង់រាំងស្ទះមិនចង់ឲ្យយកភស្ដុតាងមកជជែកពិភាក្សាវិញ។
សូមជំរាបថា នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ម្សិលមិញ លោក គី តិច មេធាវីរាជរដ្ឋាភិបាល ដែលជាតំណាងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង លោក កឹម សុខា បាននិយាយថា ភស្តុតាងវីដេអូដែលដាក់ដោយ លោក កឹម សុខា គឺជារង្វាន់សម្រាប់មេធាវីដើមបណ្តឹង ក្នុងការដាក់បន្ទុកលើជនជាប់ចោទថែមទៀត ដោយមិនឱ្យរួចខ្លួនបានឡើយ។
ក្នុងសវនាការនារសៀលនេះ គឺមេធាវី និងជនជាប់ចោទបានដាក់ភស្តុតាងជាវីដេអូរយៈពេលវែង ឬវីដេអូទាំងស្រុង ដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ២០១៣ ដែលនាំឲ្យឈានដល់ការចាប់ខ្លួនលោកកន្លងទៅ។
លោក គី តិច បានបន្តពន្យល់ថា មូលហេតុដែលលោកចាត់ទុកជារង្វាន់ គឺកាលមុនលោកទទួលបានវីដេអូខ្លីពី CBN ដែលជាទូរទស្សន៍នៅប្រទេសអូស្រ្តាលី។ ភស្តុតាងខ្លីនោះ ពិបាកធ្វើឲ្យមហាជនជឿ ដោយអ្នកខ្លះបានលើកឡើងថាមានការកាត់ត។ ឥឡូវនេះភស្តុតាងវែង ដែលដាក់ដោយលោក កឹម សុខា មិនមែនជាភស្តុតាងដោះបន្ទុកទេ ប៉ុន្តែវាជាភស្តុតាងដាក់បន្ទុកលើជនជាប់ចោទទៅវិញ។ លោក គី តិច បានអះអាងបន្តទៀតថា ភស្តុតាងនេះធ្វើឱ្យលោក កឹម សុខា មិនអាចរួចខ្លួននោះឡើយ។ ភស្តុតាងនេះ កាន់តែធ្វើឲ្យមេធាវីរាជរដ្ឋាភិបាល កាន់តែមានប្រៀបលើគូភាគី៕