(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា គិតរហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅប្រទេសចិន អ្នកឆ្លងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី បានកើនឡើងដល់៥៧១នាក់ហើយ ក្នុងនោះមាន១៧នាក់បានស្លាប់ និង៥៩នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

លោកស្រី វណ្ណឌីន បញ្ជាក់ថា ជំងឺកាចសាហាវប្រភេទថ្មីនេះ មានប្រភពកើតឡើងចេញពីទីក្រុងវ៉ូហាន ប្រទេសចិន។ រហូតមកដល់ពេលនេះ ប្រទេសចំនួនផ្សេងទៀត បានរកឃើញថា មានការចម្លងជំងឺរលាកសួតនេះ រួមមានប្រទេសថៃ រកឃើញ៤ករណី, ជប៉ុន ១ករណី កូរ៉េខាងត្បូង ១ករណី និងសហរដ្ឋអាមេរិក១ករីណ ដែលអ្នកឆ្លងជំងឺនេះ សុទ្ធសឹងតែធ្លាប់ធ្វើដំណើរទីក្រុងវ៉ូហាន ទីដែលមានផ្ទុះជំងឺ។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះបញ្ជាក់ទៀតថា «រហូតមកដល់ព្រឹកនេះ បើតាមអង្គការសុខភាពពិភពលោក មានករណីឈឺសរុបនៅប្រទេសចិន គឺមាន៥៧១ករណី ក្នុងចំណោមករណីនេះ មាន១៧ករណីបានស្លាប់ និង៩៥ករណីកំពុងស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។ សូមជម្រាបថា ករណីបាត់បង់ជីវិតដោយសារជំងឺនេះ មិនមែនកើតឡើងដោយសារតែជំងឺរលាកសួតមួយមុខទេ ការសិក្សារបស់គ្រូពេទ្យកន្លងមកនេះ ករណីធ្ងន់ធ្ងរបំផុតដែលឈានដល់ការបាត់បង់ជីវិត គឺពួកគាត់មានជំងឺផ្សេងៗទៀតប្រចាំកាយ»។

លោកស្រីបញ្ជាក់ទៀតថា «អ្នកស្លាប់ទាំង១៧នាក់ ដែលបានស្លាប់ គឺពួកគាត់សុទ្ធគឺបានធ្វើដំណើរទីក្រុងវ៉ូហាន ប្រទេសចិនទាំងអស់។ បើតាមអង្គការសុខភាពពិភពលោក មានប្រទេស៤ផ្សេងទៀត បានឆ្លងជំងឺនេះ គឺប្រទេសថៃ ៤ករណី, ជប៉ុន ១ករណី កូរ៉េខាងត្បូង ១ករណី និងសហរដ្ឋអាមេរិក១ករីណ ហើយករណីទាំងអស់នេះ ថ្វីត្បិតពួកគាត់នៅក្រៅប្រទេសមែន តែសុទ្ធតែជាករណី ដែលគាត់មានប្រវត្តិធ្វើដំណើរមកទីក្រុងវ៉ូហាន។

លោកស្រី វណ្ណឌីន បញ្ជាក់ថា បន្ទាប់ពីធ្វើការតាមដានរបស់ក្រុមគ្រូពេទ្យរបស់ចិន រកឃើញថា អ្នកជិតស្និតអ្នកសង្ស័យមានជំងឺ និងអ្នកជំងឺរលាកសួត រួមទាំងក្រុមគ្រូពេទ្យ មានការចម្លងពីអ្នកជំងឺ ដោយក្នុងនោះគ្រូពេទ្យចំនួន១៥នាក់ហើយ ដែលព្យាបាលបានឆ្លងជំងឺនេះពីអ្នកជំងឺ។

អង្គការសុខភាពពិភពលោកបានអះអាងថា សម្រាប់ជំងឺរលាកសួតប្រភេទថ្មីនេះ មានការចម្លងពីមនុស្សទៅមនុស្សខ្លះ នៅមានកម្រិតនៅឡើយ ហើយ មិនមានភស្តុតាងច្បាស់លាស់ នៅឡើយដើម្បីបញ្ជាក់ថា ជំងឺនេះឆ្លងខ្លាំងក្លាពីមនុស្សទៅមនុស្សនោះទេ។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន។

លោកស្រីរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថាថា «សូមបញ្ជាក់ថា មកទល់ពេលនេះនៅព្រះរាជាណាចក្រកម្ពុជា មិនទាន់មានករណីរលាកសួត ដោយប្រភេទវីរុសកូរ៉ូណា នៅឡើយទេ»

លោកស្រីបញ្ជាក់ថា សម្រាប់កម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានពីការផ្ទុះករណីដំបូង នៃជំងឺរលាកសួតនេះនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងសុខាភិបាល បានដាមតានជាប់ជាប្រចាំ និងបានកដាក់ចេញវិធានការ ឆ្លើយតបបន្ទាន់ជាបន្តបន្ទាប់ផងដែរ។

លោកស្រីបញ្ជាល់ថា ក្រសួងសុខាភិបាលសម្រេចចិត្តដាក់ម៉ាស៊ីនស្កេនកម្តៅ នៅតាមអាកាសយានដ្ឋានទាំង៣ និងចាត់មន្ត្រីសុខាភិបាលតាមអ្នកដំណើរ ដែលចូលមកម្ពុជា ពិសេសមកពីទីក្រុងវ៉ូហាន ប្រទេសចិន។ ទន្ទឹមនឹងនេះ មានការចាត់ចែងឲ្យមានបន្ទប់ដាច់ដោយឡែក បំពាក់សម្ភារបរិក្ខា ថ្នាំពេទ្យ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ដែលជាទីតាំងនៃច្រកចូលរបស់អ្នកដំណើរ តាមផ្លូវអាកាសមកកម្ពុជាផងដែរ។

លោកស្រីបន្ថែមថា ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលធ្វើការណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥ ត្រូវចាត់ចែងពង្រឹងនីតិវិធីក្នុងការត្រួតពិនិត្យ តាមដានជំងឺដែលសង្ស័យថា ជាជំងឺរលាកសួតប្រភេទថ្មីនេះ ពិសេសនៅតាមបណ្តាខេត្ត ដែលមានភ្ញៀវចេញចូល ដោយដាក់ម៉ាស៊ីនស្កេនកំដៅបន្ថែម នៅច្រកចូលសំខាន់ៗមួយចំនួនទៀតផងដែរ។ ប្រសិនបើមានករណីសង្ស័យថា មានជំងឺរលាកសួតដោយមេរោគប្រភេទថ្មីនេះ មន្ត្រីសុខាភិបាលនឹងយកឈាម ទៅធ្វើការពិសោធន៍ភ្លាមៗ ដើម្បីស្វែងរកវីរុស។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានសំណូមពរដោយទទូច ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធររាជធានីខេត្ត សូមចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងទប់ស្កាត់ជំងឺរលាកសួតនេះ កុំឲ្យឆ្លងចូលមកកម្ពុជា។ ក្រសួងសុខាភិបាល ក៏ស្នើសុំទៅរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីឲ្យអ្នកដំណើរដែលមកពីទីក្រុងវ៉ាហាន ប្រទេសចិន ត្រូវបំពេញលិខិតសុខភាព ដើម្បីឲ្យមន្ត្រីសុខាភិបាលពិនិត្យមើល ការពារការនាំជំងឺរលាកសួតនោះចូលកម្ពុជា ដោយមិនបានពិនិត្យ និងព្យាបាល។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ សូមចូលរួមទប់ស្កាត់ ការឆ្លងជំងឺរលាកសួតនេះ ដោយកុំធ្វើដំណើរដែលកើតហេតុ នៅប្រទេសចិន គឺក្រុងវូហាន់, បើមានអាការមិនស្រួលខ្លួន ត្រូវពន្យារពេល ឬពិគ្រោះជំងឺជាមួយគ្រូពេទ្យ មុនធ្វើដំណើរ, បើមានអការក្តៅខ្លួនកុំធ្វើដំណើរចេញក្រៅប្រទេស, បើក្តៅខ្លួន និងដកដង្ហើបថប់ៗ ត្រូវពិនិត្យជាមួយគ្រូពេទ្យ, កុំទៅកន្លែងដែលមានមនុស្សច្រើន, ការទស្សនាសួនសត្វ គួរផ្អាកសិន, ត្រូវសម្អាតខ្លួនឲ្យបានស្អាត លាងដៃជាមួយសាប៊ូឲ្យបានស្អាត, ជៀសវាងប៉ះពាល់ជាមួយអ្នកជំងឺ ដែលសង្ស័យថាមួយបញ្ហាផ្លូវដង្ហើម ឬនៅឲ្យឆ្ងាយពី១ម៉ែត្រ, អ្នកក្អក ក្រដាសត្រូវប្រើម៉ាស កន្សែង ឬក្រដាសអនាម័យ, ត្រូវពិសាម្ហូបអាហារដែលឆ្អិនល្អ និងជៀសវាងការប៉ះពាល់សត្វពាហណៈ ជាពិសេសសត្វព្រៃជាដើម៕