(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ បានស្នើឲ្យក្រុមគ្រូពេទ្យទាំងអស់ ដែលបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ សូមញញឹមដាក់អ្នកជំងឺ តាមក្រមសីលធម៌ជាគ្រូពេទ្យ ទោះបីជាបម្រើការងារអស់កម្លាំងយ៉ាងណាក្ដី។

ការស្នើបែបនេះបានធ្វើឡើងក្នុងឱកាសដែល លោក ផៃ ស៊ីផាន ដឹកនាំរៀបចំ ធ្វើសន្នីសីទសារព័ត៌មាន លើប្រធានបទ ស្តីពី «វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ។

លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះចម្ងល់របស់ប្រជាពលរដ្ឋ ដែលគួរឲ្យចាប់អារម្មណ៍ ទី១៖ គេចាប់អារម្មណ៍ខ្ពស់ ចំពោះក្រមសីលធម៌ របស់បុគ្គលិកពេទ្យ ដូចនេះ ជាការអំពាវនាវបន្ថែម ជាមួយនឹងឯកឧត្ដមរដ្ឋមន្ដ្រី (រដ្ឋមន្ដ្រីក្រសួងសុខាភិបាល) សូមអំពាវនាវបន្ថែម សូមឲ្យបុគ្គលិក ដែលបម្រើការនៅពេទ្យ ទោះអស់កម្លាំងយ៉ាងម្ដេចក៏ដោយ សូមមេត្ដាញញឹមឲ្យមានក្រមសីលធម៌»

លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា «ខ្ញុំបានឃើញជាក់ស្ដែង និងភ្នែក អ្នកជំងឺទាមទារ ការយកចិត្ដទុកដាក់ខ្ពស់ ត្រូវការភាពថ្នាក់ថ្នម ក៏ប៉ុន្ដែបុគ្គលិកយើង ដោយសារមានបុគ្គលចំនួនតិច ម្ល៉េះហើយឆ្លើយតបមិនបាន ទៅតាមក្រមសីលធម៌នោះទេ ជួនកាលលោកអស់កម្លាំងខ្លាំង ដោយសារតែបុគ្គលិកតិច ដូច្នេះសូមអធ្យាស្រ័យ»

បន្ថែមពីនោះទៀត លោក ផៃ ស៊ីផាន បានលើកឡើងថា កិច្ចការពិសោធន៍របស់លោក នៅមន្ទីរពេទ្យកាល់ម៉ែត្រ ឃើញថា បន្ទប់ដែលទទួលអ្នកជំងឺ ដែលមកត្រូវការសង្គ្រោះបន្ទាន់ បន្ទប់ចង្អៀត ហើយអ្នកដែលត្រូវទទួលសេវា សង្គ្រោះបន្ទាន់ លោកអត់ទទួលបានភ្លាមៗ ដោយសារចំនួនជនរងគ្រោះច្រើនពេក ដែលវាហួសពីសមត្ថភាព និងលទ្ធភាពដែលមន្ទីរពេទ្យកាលម៉ែត្រទទួលបាន ដូច្នេះឃើញចេះតែមានភាពមិនល្អនៅត្រង់កន្លែងនេះ។

ជាមួយគ្នានោះលោក ផៃ ស៊ីផាន ក៏សូមឲ្យមានការបែងចែកអ្នកជំងឺ ពីព្រោះសមត្ថភាពរបស់ពេទ្យយើង អាចទទួលយកបានគ្រប់កន្លែង ដូចជាមានពេទ្យធំៗជាច្រើន ដែលធ្វើឲ្យអ្នក មកទទួលការសង្គ្រោះជាបន្ទាន់ ឬក៏ជួយព្យាបាលជាបន្ទាន់ លោកមានការពិបាក ម្ល៉េះហើយមានការឆ្លងឆ្លើយ ធ្វើឲ្យបុគ្គលិកពិបាកក្នុងការទទួល ដូច្នេះគួរមានបុគ្គលិកបន្ថែម ឲ្យមានថេរវេលាខ្លី ក្នុងការផ្ដល់សេវាកម្ម។

លោក ផៃ ស៊ីផាន ក៏សូមអនុគ្រោះពីប្រជាពលរដ្ឋទាំងអស់ ហើយលោកទទួលយក រាល់សំណូមពរ ដែលប្រជាពលរដ្ឋបានផ្ញើមក។ លោកថា មានសំណូមពរផ្ញើមកលោក ឲ្យដឹងថា ការអនុវត្ដរបស់គ្រូពេទ្យ ដែលបម្រើសេវាសុខាភិបាលយើង មិនទាន់បានត្រឹមត្រូវនោះទេ តែគោលការណ៍ធ្វើបានល្អហើយ៕