(កំពង់ឆ្នាំង)៖ ក្រោមការដឹកនាំដោយឈ្លាសវៃ របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានពាំនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនស្ត្រី១នាក់ ដែលមានជំងឺរ៉ាំរ៉ៃ ក្រីក្រ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។

បើតាមប្រធានមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ បានឱ្យដឹងថា អ្នកជំងឺដែលជួបការលំបាក កំពុងសម្រាកព្យាបាល មានឈ្មោះ ហេង សំណាង ភេទស្រី អាយុ៤១ឆ្នាំ មានជំងឺរាំរ៉ៃ និងមានកូនប្រុសម្នាក់ ឈ្មោះ រ៉ាត់ តុលា អាយុ១០ឆ្នាំ ពួកគាត់ទាំង២នាក់ ម្តាយ និងកូន បានចូលមកសម្រាកព្យាបាលមានរយៈពេល២ថ្ងៃមកហើយ ដោយគ្មានប្រាក់កាស សម្រាប់ទិញអាហារហូបចុកប្រចាំថ្ងៃនោះឡើយ។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងសមាជិកការងារអនុគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិតិ្តយសសាខាកាកបាទក្រហម ដែលលោកតែងតែគិតគូររាល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ។ ចំពោះកូនប្រុសរបស់ ស្ត្រីជាអ្នកជំងឺខាងលើនេះ ក៏ត្រូវបានរាយការណ៍ ជូនទៅមន្ទីរសង្គមកិច្ចឱ្យជួយមើលថែទាំ និងជួយបង្កលក្ខណៈ ឱ្យបានរៀនសូត្រ ដូចក្មេងដទៃទៀតដែរ។

ប្រធានសាខាកាកបាទក្រហមខេត្ត លោក ប្រាក់ សោភណ្ឌ បានឱ្យដឹងថា ចំពោះអំណោយរបស់សាខាកាកបាតក្រហមខេត្ត ដែលបានជួយឧបត្ថម្ភ នៅក្នុងពេលនេះរួមមាន មី០១កេស ត្រីខ១០កំប៉ុង, ទឹកសុទ្ធ០១កេស, ទឹកដោះគោ០២ប្រអប់ធំ, និងថវិកា២០,០០០០រៀល និងបានបន្ថែមថវិកាផ្ទាល់ខ្លួនរបស់លោក ប្រាក់ វ៉ុន និងលោក ទុំ សម្បត្តិ ចំនួន៥០ដុល្លារ សម្រាប់ជួយផ្គត់ផ្គង់ ដល់ការហូបចុកជូនអ្នកជំងឺខាងលើនេះ ជាការជួយសម្រាលនូវទុក្ខលំបាកផងដែរ៕