(ព្រះសីហនុ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកបណ្ឌិត ម៉ម ប៊ុនហេង និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញជនជាតិម្នាក់ មានផ្ទុកវីរុសកូរ៉ូណា។
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសផ្លូវការ ដោយបានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។
ហើយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃម្សិលមិញនោះ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេ នៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។
បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះមានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។
ក្រសួងសុខាភិបាល ប្រកាសថា គិតមកត្រឹមម៉ោង៣រសៀល នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើបុគ្គលជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណាតែម្នាក់គាត់ គឺលោក ចា ជិនហួរ។ អ្នកទាំងបួននាក់នេះ មានឈ្មោះ ដូចខាងក្រោម៖
១. លោក ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ កាន់ប៉ាស្ព័រលេខ E54319891
២. លោកស្រី វ៉ាង លីងជេន (Wang Lingzhen) ភេទស្រី អាយុ ៥៧ឆ្នាំ កាន់ប៉ាស្ព័រលេខ E06137433
៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទប្រុស អាយុ ៣៨ឆ្នាំ កាន់ប៉ាស្ព័រលេខ ED0134348
៤. លោកស្រី ចា រ៉ុយស៊ន់ (Jia Ruixuan) ភេទស្រី អាយុ ៣៣ឆ្នាំ កាន់ប៉ាស្ព័រលេខ E24490509
យោងតាមប្រវត្តិអ្នកជំងឺបានបង្ហាញថា គាត់និងក្រុមគ្រួសារបានចេញដំណើរពីទីក្រុងវូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ អ្នកទាំង០៤ខាងលើ មកពីទីក្រុង វូហាន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចូលមកប្រទេសកម្ពុជា តាមជើងយន្តហោះត្រង់ពីទីក្រុងវូហាន មកដល់ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧ព្រឹក។
ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យ ចំនួន២យប់។ បន្ទាប់មកបានចូលមកស្នាក់នៅសណ្ឋាគារគ្វីនកូ (Queenco Hotel) នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ នៅរសៀលនោះដែរ លោក ចា ជិនហួរ បានលេងទឹកអាងរយៈពេល២ម៉ោង រួចក៏មានអាការៈ ក្តៅខ្លួន។ ល្ងាចថ្ងៃដដែលនោះភរិយាគាត់ឈ្មោះ វ៉ាង លីងជេន បានទូរស័ព្ទទៅលេងក្រុមគ្រួសារនៅប្រទេសចិន និងបានប្រាប់ថា ប្តីគាត់មានអាការៈក្តៅខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មានពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តរួមជាមួយនឹងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានសកម្មក្នុងការស្រាវជ្រាវរកករណីខាងលើនេះ ហើយបានរកឃើញថា គាត់កំពុងស្នាក់នៅសណ្ឋាគារឃ្វីនកូ ក្នុងក្រុងព្រះសីហនុ។ បន្ទាប់មក ក្រុមការងារសុខាភិបាលខេត្តព្រះសីហនុ បានយកវត្ថុវិភាគស្របតាមលក្ខណៈបច្ចេកទេសដែលបានណែនាំដោយក្រសួងសុខាភិបាលនៅថ្ងៃដដែល និងបានបញ្ជូនវត្ថុសំណាកពីច្រមុះ និងបំពង់ករបស់បុគ្គលទាំងបួននាក់ ខាងលើនោះមកធ្វើវិភាគនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
នៅរសៀលម៉ោង៣ នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថាសំណាកវិភាគមន្ទីរពិសោធន៍របស់ លោក ចា ជិនហួរ មានវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nCoV)។ បច្ចុប្បន្ននេះតាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យ ស្ថានភាពអ្នកជំងឺមានសភាពហ្នឹងនរ មានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ រីឯក្រុមគ្រួសារគាត់ក៏មិនទាន់រកឃើញថា មានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រួពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត។
វិធានការសំខាន់ៗដែលក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ បានដាក់ចេញអនុវត្ត មានដូចតទៅ៖
* ដាក់អ្នកជំងឺនៅបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីតាមដាន ក៏ដូចជា ផ្តល់ការព្យាបាលដោយចិត្តទុកដាក់ជាទីបំផុត
* ដាក់ក្រុមគ្រួសារគាត់ឱ្យស្ថិតនៅក្រោមការតាមដានសុខភាព និងស្វែងរកអ្នកប៉ះពាល់ផ្សេងទៀត ដើម្បីធ្វើការអប់រំសុខភាព ព្រមទាំងតាមដានសុខភាពពួកគាត់
* និងបាញ់សំលាប់មេរោគកន្លែងគាត់ស្នាក់នៅ
* រាយការណ៍ជូនស្ថានទូតចិនប្រចាំនៅកម្ពុជា អំពីករណីវិជ្ជមានខាងលើនេះ។
វិធានការសំខាន់ៗដែលក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ បានដាក់ចេញអនុវត្ត មានដូចតទៅ៖
* ដាក់អ្នកជំងឺនៅបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីតាមដាន ក៏ដូចជា ផ្តល់ការព្យាបាលដោយចិត្តទុកដាក់ជាទីបំផុត
* ដាក់ក្រុមគ្រួសារគាត់ឲ្យស្ថិតនៅក្រោមការតាមដានសុខភាព និងស្វែងរកអ្នកប៉ះពាល់ផ្សេងទៀត ដើម្បីធ្វើការអប់រំសុខភាព ព្រមទាំងតាមដានសុខភាពពួកគាត់
* និងបាញ់សំលាប់មេរោគកន្លែងគាត់ស្នាក់នៅ
* រាយការណ៍ជូនស្ថានទូតចិនប្រចាំនៅកម្ពុជា អំពីករណីវិជ្ជមានខាងលើនេះ៕