(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យអនុវត្តន៍នូវកិច្ចព្រមព្រៀងទាំងឡាយ ដែលកម្ពុជា និងគុយបា បានចុះហត្ថលេខាជាមួយគ្នានាពេលកន្លងទៅ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ឱ្យកាន់តែល្អប្រសើរថែមទៀត។
ការជំរុញនេះបានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី លួកា រូដរីហ្គឺស បារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ដែលទើបមកបំពេញការងារចូលជួបសំដែងការគួរសម និងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្រោយជំនួបនោះថា សម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានជជែកគ្នាច្រើនទៅលើការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ខណៈទំនាក់ទំនងប្រទេសទាំងពីរគម្រប់៦០ឆ្នាំនៅក្នុងឆ្នាំ២០២០នេះ។
បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ថា លោកស្រីពិតជាមានកិត្តិយសដែលបានមកធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា។ លោកស្រីបន្ថែមថា បេសកកម្មរបស់លោកស្រីមកកាន់កម្ពុជានៅពេលនេះ ធ្វើយ៉ាងណាពង្រីក និងពង្រឹងចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែរឹងមាំថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ។
លោកស្រីបានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការឱ្យមានសភាពកាន់តែសកម្មថែមទៀត ជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យដទៃទៀត។
ជាការឆ្លើយតបសម្ដេចតេជោ បានបានស្វាគមន៍ និងសម្ដែងការអបអរសាទរ ចំពោះលោកស្រី លួកា រូដរីហ្គឺស បារីយ៉ូស ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
សម្តេចតេជោ បានយល់ស្របចំពោះការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូត ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងគុយបាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី យល់ស្របចំពោះគំនិតក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដែលមានស្រាប់។
សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ឱ្យពិនិត្យមើលកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានចុះហត្ថលេខា ហើយជំរុញការអនុវត្តតាមកិច្ចព្រមព្រៀងទាំងនោះ។ ក្រៅពីនោះពិនិត្យលទ្ធភាពផ្សេងៗទៀត ដែលប្រទេសទាំងពីរអាចសហការគ្នាបាន៕