(កណ្ដាល)៖ លោក ព្រុំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានអំពាវនាវប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នៅភូមិតាកែវ២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល សូមអញ្ជើញមកពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ឱ្យបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

អនុប្រធានមន្ទីរ បានឱ្យដឹងថា ការបិទផ្សាយនេះ មានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋដែលមានដី នៅភូមិតាកែវ២ ក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ឱ្យបានត្រឹមត្រូវ ហើយក្នុងករណីមានខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី ឬព្រំដី ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងឡាយ អាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលបានបិទផ្សាយ។

លោក ព្រុំ ឆាត បានបន្តថា ការជំទាស់តវ៉ាមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃបិទផ្សាយនេះ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយក្នុងរយៈពេល១៥ថ្ងៃ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរៀងរាល់ថ្ងៃ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរងចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្ដឹង ដោះស្រយាការតវ៉ា និងវិវាទផ្សេងៗ។

លោកបានបន្តថា បន្ទាប់ពីបិទផ្សាយរយៈពេល១៥ថ្ងៃរួចមក យើងនឹងទទួលបានទិន្នន័យត្រឹមត្រូវ សម្រាប់ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយជម្លោះដីធ្លី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕