(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងធនាគារ ABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ ឌីជីថលឈានមុខគេនៅកម្ពុជានាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានចាប់ដៃគូជាមួយគ្នាជាផ្លូវការ ដើម្បីផ្តល់ជូននូវការផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពមួយនៅកម្ពុជាជូនដល់អតិថិជន។

តាមរយៈភាពជាដៃគូនេះអតិថិជនរបស់ធនាគារឯកទេសវីង និងអតិថិជនធនាគារ ABA នឹងអាចផ្ទេរប្រាក់ពីគណនី វីង ទៅគណនី ABA ទៅវិញទៅមកបានហើយការ ផ្ទេរប្រាក់ទៅវិញទៅមកនេះ អាចធ្វើទៅបានដោយគ្រាន់តែចុចពីរឬបីដង នៅលើកម្មវិធី ABA Mobile និងកម្មវិធីស្មាតហ្វូន វីង តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ភាពជាដៃគូនេះអនុញ្ញាតឱ្យអតិថិជនធនាគារ ABA អាចបង់សងប្រាក់កម្ចីរបស់ពួកគាត់នៅតាមភ្នាក់ងារវីង ដែលនៅជិតបំផុតដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរ ទៅកាន់សាខាធនាគារ ABA ណាមួយក៏បាន។

ដំណើរការនៃការបង់សងប្រាក់កម្ចីនេះកាន់តែចំណាយពេលវេលាតិច និងមានភាពងាយស្រួលដោយអតិថិជនអាចដាក់ប្រាក់ចូលគណនី ABA របស់ខ្លួនដោយផ្ទាល់ តាមរយៈភ្នាក់ងារវីង ដែលមានជាង ៧,៣០០កន្លែងនៅទូទាំងប្រទេស ឬអាចផ្ទេរប្រាក់ពីគណនី វីង ទៅគណនី ABA នៅក្នុងកម្មវិធីស្មាតហ្វូនវីងនៅផ្នែកទូទាត់វិក្ក័យបត្រ ឬប្រើ USSD កូដ *៩៨៩# ក៏បាន។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានឱ្យដឹងថា យើងតាំងចិត្តធ្វើឲ្យប្រាកដថា ប្រជាជនកម្ពុជានឹងទទួលបានភាពងាយស្រួល និងមានសុវត្ថិភាពនៅពេលដែលប្រើសេវាកម្មហិរញ្ញវត្ថុចល័តមួយនេះ។ យើងមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលភាពជាដៃគូនេះ អាចឲ្យយើងបម្រើតម្រូវការ ផ្ទេរប្រាក់ និងដាក់ប្រាក់ដ៏សម្បូរបែបជូនដល់អតិថិជនរបស់យើងនៅទូទាំងប្រទេសកម្ពុជា និងជួយសន្សំសំចៃពេលវេលាក្នុងការធ្វើដំណើរទៅកាន់សាខារបស់ធានាគារ។

លោក ម៉ានូ រ៉ាចាន់ បានបញ្ជាក់ទៀតថា លើសពីនេះទៀត នេះជាឧទាហរណ៍ថ្មីមួយទៀត ដែលបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងក្នុងការផ្តល់ជូន ប្រជាជនកម្ពុជានូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មធានាគារផ្លូវការមួយដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់យើង និងបាន ជំរុញឌីជីថលយេនឌ័រ ព្រមទាំងការដាក់បញ្ចូលហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកបានបន្ថែមថា លោកពិតជាសប្បាយចិត្តណាស់ដែលដឹងថា ទាំងធនាគារឯកទេសវីង និងធនាគារ ABA សុទ្ធសឹងតែមានចក្ខុវិស័យដូចគ្នាក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ដ៏ល្អដល់ប្រជាជនកម្ពុជា ដែលធ្វើប្រសើរឡើងនូវគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ វីង ក្នុងនាមជាធនាគារ ឯកទេសនៅក្នុងការទូទាត់ការចំណាយមានទស្សនៈវិស័យប្រើសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តដើម្បីផ្តល់នូវផលិតផល និងសេវាកម្មផ្សេងៗដែលចាំបាច់ និងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជា គ្រប់រូបឱ្យកាន់តែមានភាពងាយស្រួល។

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានឱ្យដឹងដែរថា យើងមានភាពរីករាយសូមប្រកាសជាផ្លូវការនូវភាពជាដៃគូរបស់យើងជាមួយធនាគារ Wing លើសេវាផ្ទេរប្រាក់ និងទូទាត់សងកម្ចី។ អតិថិជនរបស់យើងឥឡូវនេះអាចដាក់ប្រាក់ចូលគណនី ABA របស់ពួកគេបានកាន់តែងាយស្រួល ព្រមទាំងអាចផ្ទេរប្រាក់ ទៅវិញទៅមករវាងកម្មវិធី Wing និងកម្មវិធី ABA Mobile ជាមួយតម្លៃសមរម្យ ហើយអាចប្រើប្រាស់សម្រាប់ការទិញទំនិញឬផ្ទេរប្រាក់ជូនបងប្អូនសាច់ញាតិ បានថែមទៀត ផង។ សេវាហិរញ្ញវត្ថុឌីជីថលដ៏ទំនើបរបស់ធនាគារ ABA មានសក្តានុពលនាំមកនូវវឌ្ឍនភាពដ៏ធំទូលាយ ហើយលោកជឿជាក់ថាកិច្ចសហការរបស់យើង ជាមួយធនាគារ Wing ដែលយើងប្រកាសនាថ្ងៃនេះ នឹងជួយជំរុញកម្ពុជាយើងឆ្ពោះទៅរកសង្គមទំនើបទូទាត់បែបឌីជីថល។

ធនាគារឯកទេសវីង និងធនាគារ ABA ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារឯកទេសវីង តែងតែខិតខំប្រឹងប្រែងក្នុងការពាំនាំផលិតផល ប្រកបដោយភាពច្នៃប្រឌិតក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ ក្នុងប្រទេសដោយរួមបញ្ចូលទាំងអ្នកមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ។

លោក Askhat Azhikhanov បានបន្ថែមទៀតថា ស្របពេលនេះដែរ ធនាគារ ABA ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាធនាគារ ដែលឈានមុខគេនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរផ្នែកឌីជីថលដោយផ្តោតសំខាន់លើបច្ចេកវិទ្យា និងធនាគារចល័តប្រកបដោយភាពងាយស្រួល។ សម្រាប់ព័ត៌មាន បន្ថែម ស្តីពីសេវាកម្មដែលផ្តល់ដោយ វីង និងABA សូមទាក់ទងមកសេវាអតិថិជនរបស់ វីងតាមរយៈលេខទូរសព្ទ៖ ៨៥៥ ២៣ ៩៩៩ ៩៨៩ ឬសេវាអតិថិជនរបស់ ABA ទូរស័ព្ទលេខ ០២៣ ២២៥ ៣៣៣៕