(បន្ទាយមានជ័យ)៖ គិតត្រឹមរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ អង្គភាពនគរបាលនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចែកម៉ាស់ចំនួន ៣០,៩៥០ម៉ាស់ ជូនដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងគោលដៅចូលរួមការពារការចម្លងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី។
គិតមកដល់ពេលនេះ មន្រ្តីនគរបាលនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចែកម៉ាស់អស់ ៣០,៩៥០ម៉ាស់ ក្នុងចំណោមម៉ាស់ចំនួន១លាន។ លោកបន្តថា សកម្មភាពនេះ នឹងធ្វើបន្តចែកដូចភ្លៀងរលឹមរហូត ទល់តែមេរោគនេះ មានថ្នាំអាចការពារបាន។
សូមបញ្ជាក់ថា អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាននិងកំពុងចែកម៉ាស់ចំនួន១លាន ដែលការចែកនេះ នឹងបន្តធ្វើឡើងរហូតពេញ១ខែ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០តទៅ។ មន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា អំណោយម៉ាស់ទាំងអស់ បានមកពីជំនួយរបស់សប្បុរសជននានា នឹងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ដែលធ្វើដំណើរចេញចូល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ព័ត៌មានបន្ថែមស្តីពីការចែកម៉ាស់ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សូមទាក់ទងតាមទូរស័ព្ទលេខ៖ 012 339 931/ 097 590 9999៕