(សៀមរាប)៖ ប្រាសាទបាតជុំកសាងឡើងដោយមន្រ្តីម្នាក់ឈ្មោះ កវិន្រ្ទារីមថន ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាពាក់កណ្ដាលសតវត្សរ៍ទី១០ ប្រាសាទនេះសាងអំពីឥដ្ឋមានតួប៉មចំនួនបីស្ថិតនៅ លើខឿនថ្មបាយក្រៀម ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ បច្ចុប្បន្នប្រាសាទនេះ កំពុងរងការខូចខាតច្រើនអន្លើដោយសារកត្តាធម្មជាតិ អាយុកាល និងគុណភាពសម្ភារៈសំណង់។

ក្នុងគោលបំណងពង្រឹងសង្រ្គោះប្រាសាទឱ្យជៀសផុតពីហានិភ័យ និងលើកតម្លៃប្រាសាទ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំណើរការជួសជុលតាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដែលគ្រោងនឹងបញ្ចប់នៅក្នុងខែមករា ឆ្នាំ២០២០នេះ។

កញ្ញា ដយ ពេជ្រជីរ៉ា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា ប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លាំង ឥដ្ឋរលុះធ្ងន់ធ្ងរនិងច្រើនកន្លែងដូចជានៅផ្នែកខាងលើផ្តែរនៃប៉មខាងជើង ក្បាលសសរផ្អោបនិងគល់សសរផ្អោបជ្រុងខាងកើតនៃប៉មខាងជើងរលុះបាក់ខ្លាំង។
ឥដ្ឋផ្នែកដំបូល ជ្រុងកែងនិងលើជញ្ជាំងមានស្នាមប្រេះរលុះបាក់ និងពុកផុយ មានរុក្ខជាតិដុះតាមស្រទាប់ឥដ្ឋ និងទឹកភ្លៀងជ្រាបតាមស្នាមប្រេះធ្វើឲ្យតួប៉មពុកផុយ។ ចំណែកថ្មខឿនរំកិលចេញពីទីតាំងដើម មិនតែប៉ុណ្ណោះសំបុកកណ្ដៀរមាននៅក្នុងស្នាមប្រេះទាំងនោះ។

ដើម្បីជួសជុល និងកាត់បន្ថយហានិភ័យនេះ កញ្ញា ពេជ្រជីរ៉ា បញ្ជាក់ថា ជាដំបូងក្រុមអ្នកជំនាញបានជួសជុលនូវផ្នែកខាងជើងដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ជាពិសេសទីតាំងឥដ្ឋក្រៀកហែកចេញពីគ្នារហូតដល់ ២១សង់ទីម៉ែត្រ នៅជញ្ជាំងខាងជើង។ កញ្ញាបន្ថែមថា បន្ទាប់មកក្រុមអ្នកជំនាញបានជួសជុលបិទភ្ជាប់ស្នាមប្រេះផ្នែកខាងក្នុងនិងខាងក្រៅ ដើម្បីការពារការជ្រាបទឹក ជៀសវាងការខូតខាតណាមួយបន្ថែមទៀត។

ចំពោះបច្ចេកទេស កញ្ញាបានឱ្យដឹងថា ទីតាំងខូចខាតក្រុមការងារបានរុះរើឥដ្ឋដែលពុកផុយ និងជួសជុលពង្រឹងឡើងវិញជាផ្នែកៗ ដោយរក្សាទម្រង់ដើមរបស់ប្រាសាទ និងរក្សាបច្ចេកទេសបុរាណ ហើយរក្សាតម្លៃប្រវត្តិនៃស្ថាបត្យកម្មប្រាសាទ។

ម្យ៉ាងវិញទៀត ក្រុមការងារបានស្វែងរកឥដ្ឋចាស់ៗ និងប្រើឡើងវិញ រួមទាំងបន្ថែមឥដ្ឋថ្មីស្របតាមកម្រិតខូចខាតនៃសំណង់ និងគោរពតាមទ្រឹស្តី និងការអភិរក្សបេតិកភណ្ឌវប្បធម៌ (ធម្មនុញ្ញអង្គរ និងអាយស៊ីស៊ី-អង្គរ)។ ចំពោះបច្ចេកទេសលាយបាយអរធ្វើតាមរូបមន្តបុរាណ នឹងមានកម្មករជំនាញមានបទពិសោធន៍ផ្នែកជួសជុលប្រាសាទឥដ្ឋជាច្រើនឆ្នាំចូលរួមផងដែរ៕