(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា អ្នកលក់ម៉ាស់ឡើងថ្លៃហួសហេតុ ពិសេសនៅតាមបណ្ដាឱសថស្ថាននានា នឹងត្រូវរងការពិន័យ ឬដាក់បន្ទុកទៅលើអាជ្ញាប័ណ្ណ ពីក្រសួងសុខាភិបាល។
លោក ផៃ ស៉ីផាន ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះថា ប្រសិនបើប្រជាពលរដ្ឋណាបានជួបប្រទះការលក់ម៉ាស់ ដែលមានការដំឡើងថ្លៃហួសហេតុ សូមផ្ញើអាសយដ្ឋាន, លេខទូរស័ព្ទ និងឈ្មោះឱសថស្ថាននោះ ទៅកាន់លោកផ្ទាល់ ដើម្បីលោករួមគ្នាជាមួយក្រសួងសុខាភិបាល ឈានទៅចាត់វិធានការចំពោះទីតាំងនោះ។
លោក ផៃ ស៊ីផាន ចាត់ទុកអ្នកដំឡើងថ្លៃម៉ាស់ថ្លៃហួសហេតុនេះ មានចេតនាប្រឆាំងការអំពាវនាវរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស»។
លោក ផៃ ស៉ីផាន បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើបងប្អូនណា ជួបប្រទះការឡើងថ្លៃ ម៉ាស់ហួសហេតុ សូមមេត្តាជួយប្រាប់អាស័យដ្ឋាន លេខទូរស័ព្ទ និងឈ្មោះឱសថស្ថានមកយើងខ្ញុំ ដើម្បីចុះពិនិត្យជាក់ស្ដែង និងឈានដល់ចាត់វិធានការ ទីតាំងនោះ»។
ការប្រកាសចាត់វិធានទៅលើអ្នកលក់ម៉ាស់ថ្លៃហួសហេតុនេះ បន្ទាប់ពីមានការចែកចាយនៅក្នុងបណ្ដាញសង្គម Facebook ជាបន្ដបន្ទាប់ថា ការលក់ម៉ាស់នៅតាមទីផ្សារ និងឱសថស្ថានមួយចំនួនឡើងថ្លៃហួសហេតុ។
លោក ផៃ ស៉ីផាន ក៏បានអះអាងដែរថា សម្រាប់គណនី Facebook ដែលបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតចោទប្រកាន់ថា មានការលក់ដំឡើងថ្លៃម៉ាស់ ក៏នឹងត្រូវរងនូវវិធានការអប់រំណែនាំផងដែរ ប្រសិនបើក្រសួងស្រាវជ្រាវរកឃើញថា មិនមានការលក់ដំឡើងថ្លៃ។
លោក ផៃ ស៉ីផាន បន្ថែមថា ស្ថាប័នពាក់ព័ន្ធពិសេសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបង្ហាញគណនី Facebook ដែលបង្ហោះព័ត៌មានក្លែងក្លាយជាសាធារណៈឲ្យមហាជនបានឃើញផងដែរ៕
សូមទាក់ទងផ្តល់ព័ត៌មានពីការលក់ម៉ាស់ថ្លៃហួសហេតុតាមរយៈទំព័រ Facebook លោក ផៃ ស៊ីផាន ៖ https://www.facebook.com/siphan.phay
ទំព័រ Facebook របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ https://www.facebook.com/rgsucambodia