(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានលើកឡើងថា គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដូចជាការផ្តល់ប័ណ្ណសមធម៌ ប័ណ្ណអាទិភាព និងកម្មវិធីផ្តល់សាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បានជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្រីក្រទៅតាមជនបទ។

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានចុះសិក្សាស្វែងយល់អំពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការផ្តល់សេវាជូនគ្រួសារមានប័ណ្ណសមធម៌ ប័ណ្ណអាទិភាព និងកម្មវិធីផ្តល់សាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅខេត្តរតនគិរី។ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន រួមនឹងដៃគូរអភិវឌ្ឍន៍រួមមាន អង្គការ UNICEF ស្ថានទូតអាឡឺម៉ង អូស្ត្រាលីប្រចាំនៅកម្ពុជា បានកំណត់យកឃុំល្អក់ ស្រុកអូរជុំ និងឃុំតឺន ស្រុកកូនមុំ ជាឃុំគោលដៅដើម្បីប្រតិភូថ្នាក់ជាតិ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីបញ្ហាប្រឈម និងផលប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបានពីការអនុវត្តគម្រោងនេះ។

លោករដ្ឋមន្ត្រីក្រសួងផែនការ បានឱ្យដឹងថា ការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺមានតែឃុំ សង្កាត់ ដែលជាអ្នកធ្វើការផ្ទាល់ជាមួយពលរដ្ឋពិតប្រាកដប៉ុណ្ណោះដែលអាចកំណត់អំពីស្ថានភាពពិត និងតម្រូវការជាក់ស្តែងរបស់ប្រជាជននៅមូលដ្ឋាន ដើម្បីរដ្ឋាភិបាលមានវិធានការលើកកម្ពស់ជីវភាព និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋក្រីក្រ ឱ្យទទួលបានផលពីសកម្មភាពសេដ្ឋកិច្ចដែលកំពុងមានការវិវឌ្ឍន៍រីកចម្រើន កាត់បន្ថយបានគម្លាតរវាងអ្នកមាន និងអ្នកក្រ ក្រោមកិច្ចសហការពីអង្គការដៃគូរសង្គមស៊ីវិល និងប្រទេសជាមិត្ត។

នៅក្នុងឱកាសនោះលោក ថោង សាវុន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមទីជនបទ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយផ្សេងៗ។ ក្នុងនោះការផ្តល់ប័ណ្ណសមធម៌ ប័ណ្ណអាទិភាព និងកម្មវិធីផ្តល់សាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាដើម បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ក្រៅពីនេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ គឺជាគោលនយោបាយប្រកបដោយសមធម៌ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះនៅក្នុងខេត្តរតនគិរី៕