(ភ្នំពេញ)៖ ស្រ្តីរងគ្រោះម្នាក់ ត្រូវមនុស្សប្រុសស្រី ៤នាក់ ប្រើកល់ល្បិច យកមាសមកដោះដូរគ្រាប់ឃ្លីដែក ហើយយកជនរងគ្រោះ មកទំលាក់ចោលនៅតាមផ្លូវ បង្កការភ្ញាក់ផ្អើលកើតឡើង កាលវេលាម៉ោង០៩៖០០នាទី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនរងគ្រោះ ឈ្មោះ រស់ ស្រីនិត អាយុ៣១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានរៀបរាប់ទាំងតក់ស្លុតថា មុនកើតហេតុ គាត់ជាមួយម្ដាយ ទៅផ្សារទិញម្ហូប ហើយបានដោះខ្សែកមាសចំនួន៣ជី មកទុកក្នុងកាបូបស្ពាយ ហើយដើរចូលផ្សារធម្មតា ក៏មានស្រ្តី២នាក់ មកខ្សឹបថា គាត់រើសបានមាសច្រើនណាស់។

ភ្លាមៗនេះ ស្ដ្រីរូបនេះ បានប្រាប់ថា រើសបានយកទៅឲ្យគេវិញទៅ រួចបង្ខំឲ្យចែកគ្នា ហើយក៏បានប្រកែកគ្នា។

រហូតក្រោយមក ក៏មានបុរស២នាក់ មកសួរថា មានរើសបានមាសអត់ ស្ដ្រីរងគ្រោះបំរុងប្រាប់ ស្រាប់តែស្រ្តី២នាក់ និងបុរស២នាក់ បង្ខំឲ្យឡើងលើម៉ូតូ ទាំងមានកូនកាំបិតគំរាម ទើបខ្លួនមិនហានស្រែក សុខចិត្តតាមមកជាមួយ ជនសង្ស័យ មកដល់ផ្លូវ៦០ម៉ែត្រ ហើយក៏គំរាមថា បើមិនឲ្យខ្សែក ដែលខ្លួនលាក់ក្នុងកាបូបទេនោះ សម្លាប់ចោល។

ស្ដ្រីរងគ្រោះ បន្ដថា ខ្លួនក៏បានយកខ្សែក មាសទម្ងន់៣ជីមាស ឲ្យទៅជនសង្ស័យ រួចបក្សពួកចំនួន៦នាក់ រត់គេចខ្លួនបាត់ ហើយនគរបាល និងកម្លាំងបញ្ជាការពារសាលា ចុះមកអន្តរាគមន៍ដែរ តែមិនទាន់បានត្រឹមនាំមករូបគាត់ មកស្នាក់ការប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្ដឹង៕