(ភ្នំពេញ)៖ ខណៈដែលស្អែកនេះនឹងបន្តឡើងសវនាការជំនុំជម្រះសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» នោះ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានបន្តជួបលោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស (Switzerland) ដែលមានស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងបាងកក ទទួលបន្ទុករាជាណាចក្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងគេហដ្ឋានរបស់លោក។

បើតាម Facebook លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានឱ្យដឹងថា នៅក្នុងជំនួបនោះគឺគោលបំណងរបស់ លោកស្រី Helene Budliger Artieda ផ្តោតសំខាន់ទៅលើបញ្ហាសុខភាព ដែលជាគោលការណ៍មនុស្សធម៌ របស់រដ្ឋាភិបាលស្វីស និងដំណើរការជំនុំជម្រះក្តីរបស់លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ។

រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសជាង១០រូបហើយ បានចូលជួប លោក កឹម សុខា បន្ទាប់ពីលោកទទួល បានសិទ្ធិសេរីភាព ដើម្បីធ្វើសកម្មភាពច្រើនជាងមុន រយៈពេលប្រមាណជាង ១ខែមកនេះ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានបន្ថយលក្ខខណ្ឌដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ដែលពេលនេះ លោកអាចជួបជាមួយមនុស្សទូទៅ និងដើរហើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើនយោបាយ និងចាកចេញទៅក្រៅប្រទេសឡើយ៕