(កំពង់ធំ)៖ ដើម្បីធានានូវសុខុមាលភាព និងប្រសិទ្ធភាពនៃការសិក្សា លោក សុខ លូ អភិបាលខេត្តកំពង់ធំ មានលើកឡើងថា គ្រប់គ្នាត្រូវពង្រឹងអភិវឌ្ឍន៍សមត្ថភាពរបស់នាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងគ្រឹះស្ថានសិក្សា។

ក្រៅពីនោះ ត្រូវរៀបចំផែនការស្ថិតិអប់រំ ការពង្រាយគ្រូបង្រៀនឲ្យបានដល់មូលដ្ឋាន ហើយនៅតាមគ្រឹះស្ថានសិក្សាស្អាត ការរៀបចំទុកដាក់កង់ ម៉ូតូ អាហារដ្ឋាន មានបរិស្ថានសាលារៀនស្អាត (សាលារៀនមួយមានឡដុតសំរាមមួយ) មានទឹកស្អាតប្រើប្រាស់ មានបង្គន់អនាម័យសមរម្យ សួនធម្មជាតិក្នុងសាលារៀន សាកសមជាទីកន្លែងអប់រំបណ្ដុះគំនិតឲ្យស្អាតស្អំ ដើម្បីផ្សារភ្ជាប់ការអប់រំទៅនឹងវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរបស់មនុស្ស ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណាជាដើម។

ថ្លែងបែបនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅបន្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

លោកបន្ថែមទៀតថា យើងត្រូវបន្តការយកចិត្តទុកដាក់លើការពង្រីកសាលារៀនជំនាន់ថ្មីនៅគ្រប់កម្រិត និងសាងសង់អគារសិក្សាថ្មី ព្រមទាំងជួសជុលអគារសិក្សាទ្រុឌទ្រោម សាងសង់បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បណ្ណាល័យ និងបន្ទប់កុំព្យូទ័រជាដើម។

ទន្ទឹមនឹងនោះ ជំរុញគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឲ្យយកចិត្តទុកដាក់ដល់ការសិក្សា និងសហការជាមួយ លោកគ្រូអ្នកគ្រូ លើលទ្ធផល នៃការសិក្សារបស់សិស្ស បន្តពង្រឹងការរៀន និងបង្រៀនឲ្យបានពេញម៉ោង គ្រប់ម៉ោងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ជាពិសេសសូមលោកគ្រូ អ្នកគ្រូ ខិតខំជួយផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀនជាដើម។

លោក សុខ លូ ក៏បានប្រគល់ប័ណ្ណសរសើរជូនលោកគ្រូ អ្នកគ្រូ និងនាយកសាលា ដែលមានស្នាដៃល្អក្នុងការបង្ហាត់បង្រៀនសិស្ស និងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងារក្នុងសាលារៀន។

ព្រមជាមួយនោះ លោកក៏បានអញ្ជើញទស្សនាពិពរ័ណ៍ស្នាដៃសិស្សមកពីវិទ្យាល័យនានាទូទាំងខេត្ត និងការបង្ហាញការស្រាវជ្រាវ ច្នៃប្រឌិតបង្កើតប្រព័ន្ធស្វ័យប្រវត្តិដែលជារបកគំហើញថ្មីៗ៕