(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ខ្លួននឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីកិច្ចការពារកុមារក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ស្អែកនេះ នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះ នឹងធ្វើឡើងក្រោមអធិបតីលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការចូលរួមពីតំណាងស្ថាប័ន ពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីច្បាប់ និងបទដ្ឋានគតិយុត្តដែលមានស្រាប់ ក្នុងកិច្ចការពារកុមារក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។ សិក្សាពីបញ្ហាប្រឈម និងការខ្វះខាតចន្លោះក្នុងការអនុវត្តជាក់ស្ដែង ព្រមទាំងបទពិសោធន៍ និងការអនុវត្តល្អ ពីភាគីធ្វើការពាក់ព័ន្ធ សំដៅការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារជាចម្បង៕