(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ សហការជាមួយសាលារាជធានីរាជធានីភ្នំពេញ បានចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមឡានក្រុង និងអ្នកធ្វើដំណើរម្ដុំរង្វង់មូលស្ពានជ្រោយចង្វារត្រើយខាងលិច ពីវិធានការពារជំងឺរលាកសួតប្រភេទកូរ៉ូណាវីរុស និងបិទវិធានការពារនៅតាមឡានក្រុង និងតុតុជាដើម ដើម្បីស្វែងយល់ច្បាស់ពីរោគសញ្ញា និងការប្រុងប្រយ័ត្នខ្ពស់។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «មកទល់នឹងពេលនេះ ទោះមិនទាន់មានករណីសង្ស័យថ្មីពីជំងឺផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាវីរុសក៏ដោយ បន្ទាប់ពីយើងបានរកឃើញមានមួយករណី នៅខេត្តព្រះសីហនុ លើជនជាតិចិនកាលពីកន្លងទៅនេះ ហើយអ្នកជំងឺនោះមកទល់នឹងពេលនេះ ក៏បានធូរស្បើយវិញហើយ ពេលសុខភាពកាន់តែប្រសើរ នឹងបញ្ជូនអ្នកជំងឺនោះទៅកាន់ ប្រទេសខ្លួនវិញ។ តែទោះជាយ៉ាងណាក៏ដោយ មន្ដ្រីសុខាភិបាលយើងទូទាំងប្រទេស បានចុះអប់រំផ្សព្វផ្សាយបន្ថែមទៀត ទៅដល់ប្រជាពលរដ្ឋ នៅតាមភូមិស្រុក ខេត្ដក្រុង ឱ្យបានយល់ដឹងច្បាស់ ពីរោគសញ្ញា និងវិធានការការពារមិនឱ្យឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ»

ជាពិសេស «កុំឱ្យពួកគាត់ភិតភ័យខ្លាំងពេក តែត្រូវប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ដទៅតាមការណែនាំរបស់ក្រសួងយើងនោះ ពួកគាត់នឹងអាចចៀសផុតពីការឆ្លងវីរុសកូរ៉ូណានេះហើយ ព្រោះយើងបានចាត់វិធានការ និងត្រៀមលក្ខណៈរួចជាស្រេច ទាំងក្រុមគ្រូពេទ្យ បច្ចេកទេសព្យាបាល និងបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកមានវីរុសកូរ៉ូណានេះ បន្ទាប់ពីយើង បានដាក់មន្ដ្រី និងម៉ាស៊ីនស្ដេនកំដៅ នៅតាម ច្រកចេញចូលទូទាំងកម្ពុជាយើង»

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ដើម្បីកុំឱ្យវីរុសប្រភេទថ្មី កើតមានលើប្រជាពលរដ្ឋកម្ពុជាយើង គឺយើងទាំងអស់ ទាំងមន្ដ្រី អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ត្រូវសាមគ្គីគ្នា ជួយផ្សព្វផ្សាយសារអប់រំសុខភាព ពីវិធានការពារដែលក្រសួងបានដាក់ចេញ ទាំងការថែរក្សាអនាម័យ និងកុំចេញទៅប្រទេសណា ដែលកំពុងតែមានការផ្ទុះនូវវីរុសនេះ»

លើសពីនោះ ត្រូវអនុវត្ដនូវវិធានការដូចជា៖

*ទី១ ៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
*ទី២ ៖ លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
*ទី៣ ៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
*ទី៤ ៖ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
*ទី៥ ៖ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។
*ទី៦ ៖ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
*ទី៧ ៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
*ទី៨ ៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារ ជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥៕