(ភ្នំពេញ)៖ លោក ម៉ម ប៊ុមហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ថា ស្ថានភាពជនជាតិចិនដែលមានជំងឺផ្លូវដង្ហើមថ្មីបង្កឡើងដោយវីរុសកូរ៉ូណា ដែលបានសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ ពេលនេះ (ល្ងាចថ្ងៃទី២៩ ខែមករានេះ) មានសុខភាពល្អជាធម្មតា ដោយពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «គាត់មានសុខភាពល្អពុំមានបញ្ហាអ្វីគួរអោយកត់សម្គាល់»។
ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះ មានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត ចេញពីក្រុងវូហាន ប្រទេសចិន មកដល់ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញថា ជនជាតិចិនម្នាក់នេះ មានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី ព្រមទាំងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយស្នាក់នៅបន្ទប់ដាច់ដោយឡែកពីគេ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសុខាភិបាល ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់លើសុខភាពរបស់ គ្រួសារជនជាតិចិនទាំង៣នាក់ផ្សេងទៀតដែរ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេពុំមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីឡើយ។
ជំងឺផ្លូវដង្ហើមប្រភេទថ្មី ត្រូវបានអ្នកជំនាញនិយាយថា វាមានភាពកាចសាហាវ និងចម្លងលឿន នៅក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ តាមរយៈការក្អក និងក្រដាស ដែលលទ្ធភាពក្នុងការសាយភាពត្រឹមរយៈពេល១ម៉ែត្រ ឬមួយម៉ែត្រកន្លះប៉ុណ្ណោះ៕