(ភ្នំពេញ)៖ អធិការរងនគបាលខណ្ឌ៧មករា នៃស្នងការរាជធានីភ្នំពេញ លោកវរសេនីយ រស់ ស៊ីណា បាឲ្យអង្គភាពព័ត៌មាន Fresh News បានដឹងនៅព្រលប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះថា យុវជន ២នាក់ បានឡើងទៅដល់ថ្នាក់រៀន ក្នុងសាកលវិទ្យាល័យ «លីម កុកវីង» រួចបានប្រើអំពើហិង្សាលើសិស្សរៀននៅទីនោះ។ បើតាមលោកអធិការរង អំពើហឹង្សានេះ កើតពីជម្លោះដណ្តើមសង្សារគ្នា។

លោកអធិការរង បានបញ្ជាក់ថា បន្ទាប់ពីប្រព្រឹត្តហឹង្សាតរួចយុវជនទាំងពីររូបនេះ បានប្រើបណ្តាញសង្គម ផ្ញើរូបកាំភ្លើងមកគំរាមលើជនរងគ្រោះបន្ថែមទៀតផ។

លោកអធិការរងបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហម សុវណ្ណារ៉ា អាយុ១៨ឆ្នាំ មានទីលំនៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទីព្រឹក ខ្លួនកំពុងអង្គុយរៀននៅសាកលវិទ្យាល័យ លីម កុកវីង ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។ ពេលនោះឈ្មោះ ហួត និង បក្ខពួកម្នាក់ បានឡើងដល់ជាន់ទី៧ ហើយនិយាយជាមួយខ្លួនថា «ហ្អែងឈ្លើយណាស់» រួចក៏ចាប់ច្របាច់ក ហើយរុញជនរងគ្រោះផ្ទុបនឹងទ្វារ រួចបានវាយចំនួន៣ដៃ ចំភ្នែកខាងឆ្វេង និង ចំផ្ទៃមុខបែកវ៉ែនតា រួចក៏ចុះទៅក្រោមវិញបាត់ទៅ ។

ជនរងគ្រោះ បន្តថា លុះដល់វេលាម៉ោង១២៖១០នាទី ថ្ងៃដដែល យុវជឈ្មោះ ហួត ដែលមានទីលំនៅផ្ទះលេខ៤៣៨ ផ្លូវលេខ២៤៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានផ្ញើរូបភាពកាំភ្លើងមកខ្លួន ធ្វើឱ្យខ្លួនមានការបារម្ភ និងភ័យខ្លាចពីសុវត្ថិភាពជាខ្លាំង ។

ជុំវិញបញ្ហានេះ ជនរងគ្រោះ បានសំណូមពរយ៉ាងទទូចដល់សមត្ថកិច្ច មេត្តាចាប់ខ្លួនយុវជនទាំង២នាក់នោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់ផង៕