(ពោធិ៍សាត់)៖ លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់។

តាមប្រកាសរបស់ក្រសួង បានសម្រេចតែងតាំង លោក ឱន សទ្ធា អតីតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត មកជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់វិញ ជំនួសលោក លៀម ប៊ុនរឿន។

លោក ឱន សទ្ធា ដែលត្រូវបានថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ផ្ដល់ទំនុកចិត្តតែងតាំងជាប្រធានមន្ទីរថ្មីបានប្ដេជ្ញាថា នឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ពិសេសអនុសាសន៍របស់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យទទួលជោគជ័យ។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទប់ស្កាត់ និងដោះស្រាយសំណង់រំលោភច្បាប់ សហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ដើម្បីការងារជោគជ័យ និងអភិវឌ្ព្យន៍ខេត្ត ឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន និងលោក ឆាន់ សាផាន បានឲ្យដឹងថា ការប្រកាសតែងតាំង ប្រធានមន្ទីរថ្មីនេះ ជារឿងធម្មតាសម្រាប់មន្ត្រីរាជការទូទៅ ដើម្បីផ្លាស់ប្ដូរបទពិសោធន និងពង្រឹងការងារ ឲ្យកាន់តែរលូនថែមទៀត។ ថ្នាក់ដឹកនាំទាំង២ បានថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បំពេញតម្រូវការ និងសេវាផ្សេងៗជូនប្រជាពលរដ្ឋ ហើយការអនុវត្តច្បាប់ក៏មានលក្ខណៈល្អប្រសើរដែរ។

ថ្នាក់ដឹកនាំទាំង២ បានបន្ថែមថា ប្រទេសជាតិមានច្បាប់ ដូច្នេះយើងត្រូវចូលរួមគោរព និងអនុវត្តន៍ច្បាប់ទាំងអស់គ្នា ដោយប្រើប្រាស់ឆន្ទះ មនសិក្កាទៅលើផ្លូវច្បាប់ ប្រើប្រាស់តួនាទី ពេលវេលាផ្សារភ្ជាប់ ទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនអាចយកតួនាទីដែលរដ្ឋផ្តល់ឲ្យ ទៅប្រើប្រាស់លក្ខណៈឯកជន ប្រើប្រាស់ជាផលប្រយោជន៍ឯកជន ដែលផ្ទុយនឹងច្បាប់កំណត់នោះបានឡើយ។

ថ្នាក់ដឹកនាំទាំង២ បានផ្តាំផ្ញើដល់គ្រប់មន្ត្រី នៃមន្ទីររៀបចំដែនដី ខេត្តទាំងអស់ ត្រូវបន្តខិតខំធ្វើការងារ ដោយបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រើប្រាស់មន្ត្រីឲ្យត្រូវជំនាញ និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅគ្រប់ការិយាល័យភូមិបាលស្រុកទាំងអស់ ត្រូវខិតខំរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាព ប្រសិទ្ធភាព និងមានភាពជឿជាក់។

ជាមួយគ្នានោះ លោកចង់ឃើញនូវស្នាមញញឹម នៃការដឹកនាំ ការចេះដឹង ក្រមសីលធម៌ខ្ពស់ ពោរពេញទៅដោយបទពិសោធន៍ ជាពិសេសត្រូវបន្តពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យសាកសមជាអ្នកបន្តវេនដ៏ល្អ និងឲ្យសមស្របទៅនឹងសម្ភារៈបច្ចេកទេស ដែលមានការអភិវឌ្ឍន៍រីកចម្រើន ក្នុងយុគ្គសម័យបច្ចុប្បន្ន។

ថ្នាក់ដឹកនាំទាំង២ បានស្នើដល់លោកប្រធានមន្ទីរថ្មី «ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ នូវរាល់សំណង់ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាត ក្នុងន័យរឹតបន្តឹង ការគោរពលិខិតបទដ្ឋានគតិយុត្ត ក៏ដូចធានាឲ្យបាននូវសុខសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ ស្របទៅតាមគោលបំណង និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»