(ភ្នំពេញ)៖ លោក សំ សុខនឿន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ KW-កម្ពុជា ប្រចាំខណ្ឌសែនសុខ បានលើកឡើងថា តំបន់វិហារសួគ៍ ជាតំបន់ដែលកំពុងរីកធំធាត់ខ្លាំង លើវិស័យដីធ្លីនៅពេលខាងមុខនេះ។

ការលើកឡើងបែបនេះរបស់លោក សំ សុខនឿន ធ្វើឡើងក្នុងកម្មវិធីចុះហត្ថលេខា ជាមួយក្រុមហ៊ុន JBPM នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

លោក សំ សុខនឿន បានឲ្យដឹងថា «បច្ចុប្បន្នបើយើងសំលឹងទៅមើល តំបន់វិហារសួគ៍ជាទីតាំងមួយ ដែលមានសក្ដានុពលបើធៀបនឹងតំបន់ជាយក្រុងផ្សេងៗ តំបន់វិហាសួគ៍ជាតំបន់មួយ ដែលកំពុងរីកធំធាត់ខ្លាំងលើវិស័យដីធ្លី។ បើក្រឡែកមើលសន្ទុះនៃ ការអភិវឌ្ឍន៍លំនៅដ្ឋានឃើញថា មានបុរីជាច្រើនលេចជារូបរាងជាបន្ដបន្ទាប់ លើទឹកដីវិហារសួគ៍»

លោកបានបន្ដថា បើនិយាយអំពីតម្លៃដីធ្លីនៅតំបន់វិហាសួគ៍វិញ គឺមានតម្លៃសមរម្យនៅឡើយ។
ជាក់ស្ដែងក្រុមហ៊ុន KW-កម្ពុជា បានសហការជាមួយក្រុមហ៊ុន JBPM លើការលក់គម្រោងបុរី ខ្លាស៊ិក ហើយមូលហេតុដែលនាំឲ្យ KW-កម្ពុជា សហការគ្នានេះព្រោះសម្លឹងឃើញពី ភាពរីកចម្រើននៃវិស័យដីធ្លី ក្នុងតំបន់វិហារសួគ៌។

លោក Borne Kim អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន JBPM បានឲ្យដឹងថា តំបន់វិហារសួគ៍នឹង មានការអភិវឌ្ឍន៍ខ្ពស់ រយៈប៉ុន្មានឆ្នាំខាងមុខទៀត។ ដូច្នេះការសម្រេចចិត្តមកវិនិយោគ លើគម្រោងបុរីនេះក្នុងតំបន់នេះនឹងសង្ឃឹមថា នឹងទទួលបានជោគជ័យខ្ពស់៕