(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានបន្តដំណើរចុះពិនិត្យមើលទីតាំងសិក្សាការពារច្រាំងទន្លេ នៅតំបន់ប្រជុំកោះពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចម្ងាយប្រមាណជាង ៥០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសចុះពិនិត្យទីតាំងខាងលើ គណៈកម្មការទី៣ នៃរដ្ឋសភា ថ្នាក់ដឹកនាំខេត្តកំពង់ចាម ព្រមទាំងក្រសួងធនធានទឹក និងឧតុនិយម បានឯកភាពគ្នារកក្រុមហ៊ុនឯកជនមកបូមខ្សល់ចេញ ដើម្បីសំរួលចរន្តទឹកកុំឱ្យបាក់ច្រាំង កុំឱ្យបាត់បង់ប្រយោជន៍របស់ប្រជាពលរដ្ឋនៅថ្ងៃអនាគត។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា លោក ជា វ៉ាន់ដេត បានដឹកនាំសមាជិកសមាជិកា នៃគណៈកម្មការទី៣ អញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៊ុន ចាន់ដា, លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា បេសកកម្មរបស់គណៈកម្មការ នាពេលនេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា និងបញ្ហាប្រឈមរបស់ខេត្ត ដើម្បីរួមគ្នារកដំណោះស្រាយ មិនមែនមកដេញដោលរកហេតុផលខុសត្រូវអ្វីនោះទេ។

អភិបាលខេត្តកំពង់ចាម បានជម្រាបគណៈកម្មការរដ្ឋសភាថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ភាពអនុគ្រោះដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងប្រទេស។ ទន្ទឹមនេះខេត្តកំពង់ចាម ក៏មានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យលេចឡើងនូវសមិទ្ធផលនានាជាច្រើន មានដូចជាវិស័យផែនការវិនិយោគ វិស័យកសិកម្ម វិស័យអភិវឌ្ឍន៍ជនបទ វិស័យបរិស្ថាន និងវិស័យធនធានទឹក និងឧតុនិយម។

អភិបាលខេត្ត បានគួរបញ្ចាក់ថា សមិទ្ធិផលខាងលើ គឺពិតជាបានកើតឡើងពីការខិតខំរួមគ្នាពីថ្នាក់ដឹកនាំគ្រប់ថ្នាក់ ពិសេសគឺថ្នាក់ដឹកនាំជំនាន់មុនៗ បានបន្សល់ទុកនូវស្នាដៃជាគំរូដល់អ្នកជំនាន់ ក្រោយរៀនសូត្រ និងកសាងអភិវឌ្ឍបន្តទៀតសម្រាប់សង្គមជាតិ និងប្រជាជនខេត្តកំពង់ចាម។

លោកបានបន្តថា ទោះបីជាមានការរីកចម្រើនគួរឱ្យកគ់សម្គាល់យ៉ាងណាក៏ដោយ ក៏តម្រូវការជាអាទិភាពស្ថានភាពជាក់ស្តែងខេត្តកំពង់ចាមបច្ចុប្បន្ន នៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍មួយចំនួនបានរងការខូតខាត ដោយសារតែការប្រើនិងមានទឹកដក់ ដែលតម្រូវឱ្យធ្វើការជួសជុលថែទាំជាប្រចាំ។ ប្រព័ន្ទលូបង្ហូរទឹកស្អុយមានសមាពចាស់ កកស្ទះ ត្រូវការជួសជុលស្តារឡើង និងមួយចំនួនត្រូវការសាងសងថ្មី។

ថវិកាសម្រាប់វិស័យវិនិយោគអភិវឌ្ឍន៍ នៅមិនទាន់ឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន ភាគច្រើនបានប្រើប្រាស់តែសកម្មភាពគម្រោងហេដ្ឋារចនាសម្ព័ន ដោយមិនទាន់បានផ្តោតលើការងារសេវា សង្គម មានដូចជាគ្រោះមហន្តរាយទឹកជំនន់ គ្រោះរាំងស្ងួត ជនងាយរងគ្រោះ ពិការភាពស្ត្រីកុមារ និងជនទីទាល់ក្រ។ ការចូលរួមរបស់អង្គការសង្គមស៊ីវិល និងវិស័យឯកជនក្នុងការអភិវឌ្ឍ នៅពុំទាន់មានភាពគ្រប់គ្រាន់។

បន្ទាប់ពីបានស្តាប់នូវការរាជការណ៍របស់ថ្នាក់ដឹកនាំខេត្តកំពង់ចាមរួចមកលោក ជា វ៉ាន់ដេត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថា្នក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលគួរអោយកោតសរសើរ ជាប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។

ប្រធានគណៈកម្មការរដ្ឋសភា ក៏បានកត់សម្គាល់នូវបញ្ហាប្រឈមដែលខេត្តនេះបានជួបប្រទះ និងបានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារ បន្ថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដែលជួបប្រទះ។ ចំណែកបញ្ហាប្រឈមដែលខេត្ត និងមន្ទីរបានលើកឡើង ប្រធានគណៈកម្មការបានបញ្ជាក់ថា លោកនឹងពាំនាំយកបញ្ហាប្រឈម ទាំងនេះ ជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញក្នុងការបំពេញ ភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ៕