(ភ្នំពេញ)៖ តបតាមសេចក្តីណែនាំ ក៏ដូចជាការអំពាវនាវរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប បានចេញវិធានការមួយចំនួន ក្នុងការកាពារសិស្សរបស់ខ្លួន ពីជំងឺរលាកសួត ដែលបង្កដោយវីរ៉ុសកូរ៉ូណាប្រភេទថ្មី។

ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃវីរ៉ុសកូរ៉ូណានេះ វេសឡាញបានចេញសេចក្តីជូនដំណឹងមួយ ឲ្យគ្រប់សាខាអនុវត្តន៍ ដូចខាងក្រោម៖

*១៖ តាមដានវាស់ស្ទង់កំដៅសិស្សមុនពេលចូលថ្នាក់រៀន (គ្រប់ថ្នាក់ គ្រប់កម្រិត)
*២៖ អាណាព្យាបាលគួរមានម៉ាសការពារ (Mask) និងដាក់កន្សែងជូតដៃផ្ទាល់ខ្លួនក្នុងការបូបកូនជាប្រចាំ
*៣៖ គ្រូត្រូវកំណត់ឲ្យសិស្សត្រូវលាងដៃជារៀងរាល់ មុនពេលចូលថ្នាក់រៀន និងញ៉ាំអាហារ ឬពេលឃើញមានដៃកខ្វក់
*៤៖ បង្កើនការសម្អាត និងអនាម័យនៅក្នុងបរិវេណសាលា ក្នុងថ្នាក់រៀន
*៥៖ ត្រូវប្រញ៉ាប់ទៅជួបគ្រូពេទ្យពិនិត្យតាមដាន ករណីសង្ស័យថាមានជំងឺ
*៦៖ ត្រូវមានសាប៊ូលាងដៃ និងក្រដាសអនាម័យនៅគ្រប់បន្ទប់ទឹកសាលារៀន
*៧៖ ត្រូវចៀសវាងការប៉ះពាល់អ្នកជំងឺ ដែលមានអាការៈក្រុនក្តៅ និងផ្តាសាយ
*៨៖ សូមក្រុមគ្រួសារដែលបានទៅកំសាន្តនៅប្រទេសចិន សូមនៅផ្ទះតាមដានសុខភាព១សប្តាហ៍សិន មុនឲ្យកូនមកសាលារៀន ឬចូលបម្រើការងារ
*៩៖ ក្នុងករណីមានការសង្ស័យត្រូវរាយការណ៍មកការិយាល័យកណ្តាល និងទូរសព្ទជាបន្ទាន់ទៅលេខ ១១៥។

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិវេសឡាញ អេឌ្យូខេសិនគ្រុប បានថ្លែងផ្តាំងផ្ញើទៅអាណាព្យាបាលសិស្សថា កុំមានការព្រួយបារម្ភខ្លាំងពេក ពីបញ្ហាការរីករាលដាលនៃជំងឺថ្មីនេះ។ លោកថ្លែងថា ប្រសិនបើយើងបានចូលរួមរក្សាអនាម័យល្អហើយ ព្រមទាំងមានការយកចិត្តទុកដាក់ពីសាលាផង សូមបញ្ជូនកូនទៅសាលារៀនជាធម្មតា ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ ការសិក្សារបស់ពួកគាត់។

បន្ថែមលើសេចក្តីជូនដំណឹងនេះ លោក គង់ សំនៀង បានថ្លែងទៀតថា សំខាន់ត្រូវលាងដៃសិស្សគ្រប់គ្នានឹងសាប៊ូ កម្ចាត់មេរោគ ឬអាកុល វាស់កម្តៅរាល់ថ្ងៃលើសិស្សគ្រប់រូប គ្រប់ពេលចូលសាលារៀន ទិញម៉ាស់ទុកសម្រាប់សិស្ស ដែលមានអាការៈមិនស្រួល ហើយហៅអាណាព្យាបាលមកយកទៅផ្ទះវិញ។ សម្រាប់គ្រប់បន្ទប់រៀនទាំងអស់ដែលមានបង្អូច យើងនឹងឲ្យគាត់បិទម៉ាស៉ីនត្រជាក់ បើកបង្អួចឲ្យមានពន្លឺ និងកម្តៅចូលខ្លះ ដើម្បីឲ្យមានលំហូរខ្យល់ចេញ និងចូលល្អ។

សូមបញ្ជាក់ថា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មីរួចមក, នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា បានចូលរួមធ្វើសកម្មភាពទប់ស្កាត់ ការឆ្លងវីរុសនេះនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដោយលើកទឹកចិត្តឲ្យបុគ្គលិក និងសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀនជាដើម។

ក្រសួងអប់រំបានឲ្យដឹងថា ក្នុងនោះដែរក៏មានដាក់អាកុល សាប៊ូ សម្រាប់សិស្សលាងដៃ ឲ្យបានទៀងទាត់ និងញឹកញាប់ជាប្រចាំ ពិសេសមុនពេលបរិភោគអាហារ ឬក្រោយពេលប៉ះពាល់អ្វីដែលកខ្វក់ ព្រមទាំងមានការណែនាំឲ្យសិស្សចៀសវាងប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើម ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត សុវត្ថិភាពចំណីអាហារ មិនគួរទៅកាន់កន្លែងណាដែលមានមនុស្សអ៊ូអរពេក ព្រមទាំងបរិភោគទឹកឲ្យបានច្រើន។

កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណានេះ នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត។

ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឲ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន ដោយមិនមានអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះឡើយ ខណៈដែលក្រុមគ្រួសាររបស់គាត់ទាំង៣នាក់ ពុំមានរោគសញ្ញានៃមេរោគកូរ៉ូណានោះទេ៕