(កោះកុង)៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ ក្រោមវត្តមាន លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងលោក អ៉ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកោះកុង។

លោក សុខ សុទ្ធី បានថ្លែងថា មន្ត្រីកសិកម្មត្រូវពង្រឹងពង្រីកផ្នែកវិស័យកសិកម្មទាំងផ្នែកដាំដុះទាំងផ្នែកជលផល និងធ្វើការដាំដើមឈើបន្តបន្ថែម សម្ធិផលទាំងនេះហើយ ធ្វើឲ្យប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ ព្រោះប្រទេសជាតិយើងមាន សន្តិភាពពេញជូនប្រជាពលរដ្ឋ។

លោក សុខ សុទ្ធី បានថ្លែងបន្ថែមថា មន្ត្រីកសិកម្មទាំងអស់ត្រូវតែងមានការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្ត ធ្វើឲ្យជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាន់តែមានភាពល្អប្រសើរឡើងជាលំដាប់ ដោយផ្អែកទៅតាមទិសដៅការងារប្រចាំឆ្នាំ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ មន្ទីរកសិកម្ម ត្រូវពិនិត្យនូវភាពចន្លោះប្រហោងណាដែលនៅសេសសល់ យកមកជជែកនិងពិភាក្សាបន្តដើម្បីរកដំណោះស្រាយ ហើយធ្វើយ៉ាងឲ្យវិស័យកសិកម្មកាន់តែរីកចំរើន ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក អ៉ី ម៉េងលាង បានថ្លែងឲ្យដឹងថា ឆ្លងកាត់ភារកិច្ចអនុវត្តន៍ដ៏មានតម្លៃរយៈពេលពេញ១ឆ្នាំកន្លងមកនេះ បានឆ្លុះបញ្ចាំងឲ្យឃើញលទ្ធផលគួរឲ្យជាទីមោទនៈ ស្របទៅតាមែផនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៩-២០២៣ ទាំងនេះដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការក្នុងអង្គភាពកសិកម្ម ដែលមានកិច្ចសហប្រតិបត្តិការបានល្អពីអាជ្ញាធរដែនដី អង្គភាពដែលពាក់ព័ន្ធនិងដៃគូអភិវឌ្ឍនានា និងមានការចូលរួមសហការពីប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ ទើបការងារកសិកម្ម ទទួលបានជោគជ័យ៕