(ព្រះវិហារ)៖ មន្ត្រី នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរស្រុកជាំក្សាន្ត រយៈពេលពេញមួយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាពនានា និងតាមទីប្រជុំជន ក៏ដូចជាអាជីវករលក់ដូរនៅច្រកអានសេះ ឲ្យពួកគាត់បានយល់ជ្រួតជ្រាបអីជំងឺរលាកសួតថ្មី «កូរ៉ូណាវីរុស» ដើម្បីជាចំណេះដឹងមួយ សម្រាប់អោយពួកគាត់មានវិធានការការពារ។

មន្ត្រី នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះថា យុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងចែកម៉ាស់ការពារជំងឺ «កូរ៉ូណាវីរុស» នេះធ្វើឡើងក្រោមបទបញ្ជារបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ហើយយុទ្ធនាការនេះ សំដៅទៅលើប្រជាពលរដ្ឋរស់នៅតាមព្រំដែន ដូចជាព្រំដែនច្រកអានសេះ ក្នុងស្រុកជាំក្សាន្ត និងព្រំដែនឡាវ ស្រុកឆែប។

មន្ត្រីសុខាភិបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងទៀតថា ការចុះអប់រំផ្សព្វផ្សាយនៅក្នុងឱកាសនោះ ផ្តោតសំខាន់ឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវចេះថែរក្សាសុខភាព អនាមយ័ក្នុងការរស់នៅឲ្យបានល្អ ត្រូវមានការប្រុងប្រយត្ន័ពាក់ម៉ាស់ជាប់ជានិច្ចរាល់ពេលឆ្លងដែន ក៏ដូចជានៅតាមទីប្រជុំជនផ្សេងៗផងដែរ។

នៅក្នុងឱកាសនោះដែរម៉ាស់ជិត ១០០០ម៉ាស់ ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករផងដែរ៕